Date: 12/Dec/2016
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខ អ្នកជំងឺពុលស្រាសដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៖
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយទឹកចិត្តយកចិត្តទុកដាក់ប្រកបដោយកាយវិការគិតគូរ លើសុខទុក្ខប្រជាពលរដ្ឋទូទៅ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសសុខាភិបាល បានអញ្ជើញចុះពិនិត្យនិងសួរសុខទុក្ខអ្នកជំងឺដែលពុលស្រាសនៅខេត្តកំពង់ឆ្នាំងដោយផ្ទាល់ ដោយបានដឹកនាំគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ចុះជួយពិនិត្យព្យាបាលបន្ថែមលើក្រុមគ្រូពេទ្យខេត្តនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចដ៏មមាញឹកគួរអោយកោតសរសើរ។ តាមការពិនិត្យ សាកសួរអ្នកជំងឺ និងពិភាគ្សាវិភាគតាមរោគសញ្ញាដែលបានកើតឡើង បានបង្ហាញថាអ្នកជំងឺបានពុលស្រាសដែលបណ្តាលមកពីស្រាសមានជាតិមេតាណុលខ្ពស់ហួសកំរិត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំដែងនូវការសោកស្តាយចំពោះអ្នកដែលបានទទួលមរណះភាពដោយស្ថានភាពពុលធ្ងន់ធ្ងរពេក ហើយបានអំបាវនាវសុំឲ្យប្រជាជនបញ្ឍប់ការពិសាស្រាសដែលបានផលិតឬបិតមិនមានបច្ចេកទេសត្រឹមត្រូវ ដើម្បីជៀសផុតពីបញ្ហាពុលដែលប៉ះពាល់ដល់សុខភាពលោកអ្នក និងត្រូវរួមគ្នាអនុវត្តអនាម័យចំណីអាហារឲ្យបានល្អតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជាច្រើនលើកមកហើយ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រដ្ឋអំណាចមូលដ្ឋាន អ្នកតំណាងរាស្ត្រ និងកាកបាទក្រហមខេត្ត ដែលបានរួមសហការយ៉ាងជិតស្និទ ឆ្លើយតបចំពោះសភាពការនេះ ជាពិសេស ឯកឧត្តមបានកោតសរសើរដល់ក្រុមគ្រូពេទ្យនិងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានសហការគ្នាបានល្អ ជួយសង្គ្រោះអ្នកពុលបានទាន់ពេលវេលាដោយមិនគិតពីការនឿយហត់ឡើយ។