Date: 13/August/2018

នៅដើមខែសីហា ឆ្នាំ២០១៨ អង្គការសុខភាពពិភពលោក មានការប្រកាសថា មានការរាតត្បាតឡើងវិញ នៃជំងឺអេបូឡា នៅក្នុងប្រទេសសាធារណៈរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ នៅក្នុងទ្វីបអាហ្រ្វិក ដែលរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះមានចំនួនអ្នកឈឺសរុបចំនួន ៤៤នាក់ ដែលក្នុងនោះ ៣៦នាក់បានស្លាប់ ។ អាស្រ័យហេតុនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចាត់វិធានការ ដោយពង្រឹងវិធានការបង្ការ និងត្រៀមឆ្លើយតបជំងឺអេបូឡា ។ វិធានការទាំងនោះរួមមាន ៖
១. ផ្តល់ពត៌មានអំពីការរាតត្បាត ជំងឺអេបូឡានៅប្រទេសកុងហ្គោ ដល់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ ទូទាំងប្រទេស និងវិធានការ ធ្វើការតាមដាន និងឆ្លើយតបឆាប់រហ័ស
២. ណែនាំដល់មន្រ្តីចត្តាឡីស័ក ដែលបំរើការងារតាមព្រំដែន គោក ទឹក និងអាកាសយាន្តដ្ឋាន ស្តីពីការតាមដានសុខភាព អ្នកដំណើរទាំងអស់ ជាពិសេសអ្នកដំណើរមកពីទ្វីបអាហ្រ្វិក និងអនុវត្តន៏ តាមវិធានការបង្ការ និងឆ្លើយតបជំងឺអេបូឡា ដែលមានស្រាប់
៣. បានធ្វើការចែកចាយ សម្ភារៈអប់រំ ស្តីពីរបៀបបង្ការ និងឆ្លើយតបជំងឺអេបូឡា ដល់មន្រ្តីឆ្លើយតបបន្ទាន់ ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយបន្ត
៤. សូមសំណូមពរដល់ប្រជាជន ដែលមានប្រវត្តិធ្វើដំណើរ មកពីប្រទេសក្នុងទ្វីបអាហ្រ្វិច ហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត កន្ទួលក្រហម ឬចេញឈាម សូមអញ្ជើញទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺ ទៅសមាជិកគ្រួសារ និងអ្នកដទៃ ។
យើងខ្ញុំនឹងបន្តជូនដំណឹង ដល់សាធារណៈជន អំពីការវិវត្តិជំងឺអេបូឡា នៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh និងផេចហ្វេសប៊ុកឈ្មោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៕
ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥

Ebola 05.2018 a   Ebola 05.2018 b