Date: 10/September/2018

Dr.Beat Reachnerក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុុជា​ បានទទួលព័ត៌មាន ប្រកបដោយក្តីរន្ធត់ក្រៀមក្រំ ជាទីបំផុត​ អំ​ពីមរណ:ភាពរបស់ឯកឧត្តម សាស្រ្តាចារ្យវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ (H.E. Prof. Dr. Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា​ កាលពីព្រឹកថ្ងៃអាទិត្យ​ ទី៩​ ខែកញ្ញា​ ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ)​ ក្នុងជន្នាយុ​ ៧១​ ឆ្នាំ​ ដោយរោគាពាធ​ នៅប្រទេសស្វីស។

ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាងនាមឲ្យថ្នាក់ដឹកនាំ​ បុគ្គលិក​-មន្ត្រីសុខាភិបាល​ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល​ ជាពិសេស នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់​ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់​ សូមសំដែងនូវការសោកស្តាយ ជាទីបំផុតចំពោះមរណ:ភាព និងការបាត់បង់ស្ថាបនិក មន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ​ ដែលនេះមិនត្រឹមតែជាការបាត់បង់ នូវឥស្សរជនជួយសុខភាព កុមារកម្ពុជាប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា​ និងជាការបាត់បង់ លោកគ្រូពេទ្យដ៏ឆ្នើម កម្ររកបានផងដែរ។ ២៥ឆ្នាំកន្លងទៅនេះ​ ឯកឧត្តមវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ បានបង្កើតស្នាដៃមនុស្សធម៌ ដ៏ធំធេងនៅក្នុងប្រវត្តិ នៃការអភិវឌ្ឍន៌វិស៏យសុខាភិបាលកម្ពុជា ក្រោយពីថ្ងៃរំដោះ​ ៧​ មករា​ ១៩៧៩មក​ គឺការបង្កើត​ ពង្រីក​ និងអភិវឌ្ឍ​មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសៀមរាប​ ហើយឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ បានបង្ហាត់បង្ហាញ ដឹកនាំការពិនិត្យព្យាបាល ជំងឺកុមារនៅកម្ពុជា​ ទោះជាស្ថិតនៅក្នុងដំណើរ ដ៏លំបាកលំបិនក៏ដោយ​ ក៏ ឯកឧត្តមសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ មិនរួញរាឡើយ​ ថែមទាំងបានលះបង់ ទាំងកម្លាំងកាយ​-ចិត្ត​ ប្រាជ្ញា​ ស្មារតី​ តំរិះវេជ្ជសាស្រ្ត​ និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ​ ព្រមទាំងស្វែងរក និងប្រមូលវិភាគទាន សម្រាប់ប្រតិបត្តិការ មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា ដោយកម្លាំងផ្ទាល់ខ្លួន ដោយមិនមានការនឿយហត់​ ដើម្បីសុខភាពកុមារកម្ពុជា។ ទង្វើខាងលើរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ គឺពិតជាគំរូវីរភាព ដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ​ ហើយតាមរយ:ស្នាដៃរបស់ឯកឧត្តម សាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ខាងលើនេះ​ដែរ កុមារកម្ពុជាជាច្រើននាក់ ទទួលបាននូវការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ​ ហើយសមិទ្ធិផល ដែលបានកើតចេញពីស្នាដៃ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ នៅលើទឹកដីកម្ពុជានេះ​ និងពិតជាបានបន្សល់ទុក ឲ្យជាផលប្រយោជន៌​ សម្រាប់កុមារកម្ពុជាជាបន្ត​ និងនៅស្ថិតស្ថេរជានិរន្តន៌។ យើងនិងខិតខំបន្ត នូវបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ជាបន្តទៀត​ ដើម្បីសុខភាពកុមារកម្ពុជា​ មិនឲ្យសាបសូន្យឡើយ។

លើសពីនេះ​ យើងខ្ញុំទាំងអស់គ្នា​ និងចារិកទុកក្នុងចិត្ត នូវទង្វើមនុស្សធម៌ដ៏ល្អប្រពៃ របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ដូចបានរៀបរាប់ខាងលើ​ និងដើម្បីជាសក្ខីភាព នៃការគោរពនូវវីរភាព របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានចាត់ចែងរៀបចំពិធីគោរពវិញ្ញាណខ័ន្ទ​ ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ដែលនឹងប្រព្រឹត្តទៅ នៅទីស្តីការក្រសួងសុខាភិបាលនៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣:០០​រសៀល។

យើងខ្ញុំទាំងអស់គ្នា​ សូមសំដែងនូវក្តីសោកស្តាយជាខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបានឡើយ​។ យើងខ្ញុំទាំងអស់គ្នា​ សូមចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុត ជាមួយក្រុមគ្រួសារសពឯកឧត្តម សាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ ហើយយើងខ្ញុំទាំងអស់គ្នា​ សូមលើកដៃប្រណំ បួងសួងជូនវិញ្ញាណខ័ន្ទ ឯកឧត្តមសាស្ត្រាចារ្យ​ បីច​ រីចច្នឺ​ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។