Date: 27/October/2018

PufferFishesសូមជំរាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបអំពីករណីពុល ដោយសារបរិភោគត្រីក្រពត នៅខេត្ត ព្រះសីហនុ និង ខេត្តកោះកុង ដែលសរុបករណីពុលចំនួន១១នាក់ ក្នុងនោះស្លាប់២នាក់ ខេត្តព្រះសីហនុ១នាក់ និងខេត្តកោះកុង១នាក់ ហើយអ្នកដែលបានពុល ចំនួន៩នាក់ទៀត បានដាក់ឲ្យសំរាកនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។ ព្រឹត្តិការទាំងពីរផ្សេងគ្នា បានកើតឡើងចន្លោះពីថ្ងៃទី២៥ ដល់ ២៧ តុលា​ ឆ្នាំ២០១៨ ។
ដោយមានការយកចិត្តទុកដាក់ ជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺទាំង៩នាក់នេះ មានសភាពធូរស្រាលច្រើនហើយ​ និងខ្លះបានជាសះស្បើយហើយ។
កន្លងមក ក្រសួងសុខាភិបាល តែងតែធ្វើការណែនាំ និងរំលឹកចំពោះវិធានការ ការពារករណីពុលចំណីអាហារ ដែលមានទាំងការពុល បណ្តាលមកពីការបរិភោគ ត្រីក្រពត នេះផងដែរ។សារជាថ្មីម្តងទៀត សូមធ្វើការក្រើនរំលឹក ណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការការពុលចំណីអាហារ ជាពិសេស​ការរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអនាម័យចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគ រហូតដល់អ្នកបម្រើអាហារ ដើរតួនាទីសំខាន់ នៅក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំចំណីអាហារ របៀបទុកដាក់ និងពេលចម្អិនអាហារ។ ដើម្បីជៀសវាងបាននូវបញ្ហាសុខភាព ដែលអាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុត ពីការពុលត្រីក្រពត ដូចករណីខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល ដោយសារវាមានជាតិពុល នៅក្នុងខ្លួនវា ដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិនកំដៅខ្ពស់យ៉ាងណា ឬដាក់ក្នុងកំរិតកកយ៉ាងណាក៏ដោយ។
នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទមានជាតិពុល ដូចមានរូបភ្ជាប់មកជាមួយនេះ ។ ត្រីក្រពតទាំងនេះ មានជាតិពុលដែលមាន សក្តានុពលខ្ពស់ និងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុលបានជ្រាបទៅប៉ះពាល់ ប្រព័ន្ធសរសៃប្រសាទកណ្តាល ។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។
រោគសញ្ញា ចាប់ផ្តើមក្នុងរយៈពេល ២០ នាទី ទៅ ២ ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ។ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីការខ្វិនផ្លូវដង្ហើម។ ក្រោយពីពុលភ្លាមៗ ការធ្វើឲ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) អាចជួយបញ្ចេញជាតិពុល ពីក្នុងខ្លួនយើងបានមួយចំណែក ហើយអ្នកពុលនោះ ត្រូវប្រញាប់ប្រញាល់មកស្វែងរក ការជួយសង្គ្រោះជាបន្ទាន់​ នៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុល តម្រូវឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន ពីគ្រូពេទ្យជាចាំបាច់។
ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចរៀបរាប់ខាងលើ កើតមានឡើងបន្ទាប់ពីបានបរិភោគត្រីក្រពត សូមបងប្អូនប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះលោកអ្នកជាបន្ទាន់ និងសូមប្រាប់គ្រូពេទ្យ ពីការដែលអ្នកបានបរិភោគត្រីក្រពត។ ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh និងហ្វេសបុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ សំរាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នក ក៏អាចទូរស័ព្ទចូលបានដែរ ។