- Details
- Category: CDC News
- Published: 12 January 2015
- Last Updated: 07 June 2016
- Hits: 8900
ពត៌មាន សារ និងសារអប់រំ របស់នាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លង
ដើម្បីទទួលបានពត៌មានទាន់ហេតុការណ៍ សូមចូលទៅកាន់ទំព័រ facebook របស់នាយកដ្ឋានៈ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC | www.facebook.com/cdcmohcam
Created 07-June-2016
កិច្ចប្រជុំរវាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីអំពីការសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងនៃប្រទេសទាំងពីរ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ ។
Created 06-June-2016
មន្រ្តីសុខាភិបាល បានចុះឆ្លើយតប និងអប់រំប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅភូមិចាក់ខ្លាញ់ឃុំបាបោងស្រុកពាមរក៏ខេត្តព្រៃវែង ។ សូមបញ្ជាក់ថានៅទីតាំងខាងលើនេះមានឆ្លងជំងឺផ្តាសាយតៗគ្នាច្រើន រហូតមានពិគ្រោះជំងឺផ្តាសាយចំនួនជាង ៥០០នាក់ ។ មេរោគដែលបង្ក ជំងឺផ្តាសាយឈ្មោះ Influenza A H1N1 pdm ។
រដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយច្រើន ដូច្នេះសូមបងប្អូន ទាំងអស់មានប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យចំលងំងឺផ្តាសាយ សូមទស្សនាវីដេអូអប់រំខាងក្រោម។
Created 26-May-2016
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់មន្ត្រីក្រុមឆ្លើយតបបន្ទាន់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ត្រីក្រុមឆ្លើយតបបន្ទាន់ខេត្តកំពត ទាំងអស់ ទោះបីថ្ងៃសំរាកនិងចុងសប្តាហ៏ក្តី បានរួមគ្នាចុះទប់ស្កាត់ទាន់ពេលវេលានៃការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីលើសត្វបក្សីដោយរួមសហការណ៏ជាមួយមន្ត្រីបសុពេទ្យ ប្រកបដោយប្រសិទ្ធិភាព ដោយពុំមានការនឿយហត់ ដោយទបស់ស្កាត់កុំឲ្យចំលងលើប្រជាជន ដែលកើតមានក្នុងស្រុកឈូកខេត្តកំពត ។ សូមបញ្ជាក់ថាយើងបានរកឃើញករណីផ្ទុះផ្តាសាយបក្សីលើសត្វមាន់នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៦ ដោយនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ដែលបានផ្លាស់ប្តូរពត៌មានទាន់ពេលវេលាដល់មន្ត្រីជំនាញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
Created 31-Mar-2016
សិក្ខាសាលាផ្សព្វផ្សាយការអនុវត្តន៏ផែនការលុបបំបាត់ជំងឺគ្រុនចាញ់ សំរាប់ខេត្តព្រះវិហារ ក្រោមឧបត្ថម្ភរបស់គំរោងធនាគារ អភិវឌ្ឍន៏អាសីុ ។
Dissemination workshop on Malaria elimination for Prah Vihear Province under finance ADB GMS 2 AF.
Created 30-Mar-2016
សូមរក្សាអនាម័យ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅទីសាធារណៈ ។ សូមអរគុណដល់ក្រសួងទេសចរណ៏ដែលបានផលិតភាពយន្តខ្លីអប់រំដ៏ល្អនេះ ។
សូមទស្សនា play_video
Created 19-Mar-2016
ចាប់ពីឆ្នាំ២០១៥ដល់២០១៦នេះ មានការផ្ទុះឡើងនៃជំងឺគ្រុនលឿងនៅប្រទេសអង់ហ្គោឡា ទ្វីបអាហ្រ្វិក ដែលបណ្តាលឲ្យមនុស្សជាងមួយរយនាក់បានស្លាប់ ។ ពាក់កណ្តាលខែមិនា២០១៦នេះ ប្រទេសចិនមាននាំចូលជំងឺគ្រុនលៀងពីរករណីពីប្រទេសអង់ហ្គោឡា ផងដែរ ប៉ុន្តែពុំទាន់រកឃើញចំលងទៅអ្នកដទៃនៅក្នុងប្រទេសចិននៅឡើយទេ ។ អ្វីដែលសំខាន់នោះគឺជំងឺនេះក៏ចំលងដោយសារមូស ខ្លាខាំផងដែរ ដូច្នេះបើយើងរួមគ្នាកំចាត់ដង្កូវទឹក កំចាត់ជំរកមូសខ្លា មានន័យថាយើងរួមគ្នាបង្ការជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា ជំងឺគ្រុនលឿង និងជំងឺគ្រុនឈីក ។ ខ្ញុំសូមភ្ជាប់មកជាមួយនូវសារអប់រំទាក់ទងនឹង ជំងឺគ្រុនលឿង ។ ពត៌មានបន្ថែមទាក់ទង ១១៥ ។
Created 11-Mar-2016
សារអប់រំទាក់ទងការការពារសុខភាពក្នុងរដូវដែលមានអាកាសធាតុក្តៅខ្លាំង ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ។
Created 08-Mar-2016
សូមជំរាបជូនសាធារណៈ និងអ្នកសារពត៌មានមេត្តាជ្រាបថា នៅថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០១៦ មានករណីពុលចំណីអាហារមកពីបរិភោគនំប័ុងដាក់សាច់ ដែលបណ្តាលឲ្យមានអ្នកពុលអាហារចំនួន ៤៤នាក់ ក្នុងនោះសំរាកពេទ្យចំនួន ២៤នាក់ សេវាឯកជន ៧នាក់ និងនៅផ្ទះ ១៣នាក់ ដោយមានរោគសញ្ញា ឈឺពោះ ក្អួត និងរាគ ។ ករណីពុលចំណីអាហារនេះកើតមាននៅភូមិថ្មក្រោម និងភូមិជ្រោយលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។ សូមជំរាបថាកន្លងមកនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងតែងតែទទួលពត៌មានស្តីពីពុលចំណីអាហារញឹកញាប់ដែលភាគច្រើនបណ្តាលមកពីនំប័ុងដាក់សាច់ និងនំបញ្ចុក ។
ឆ្លងតាមការអង្កត ប្រមូលពត៌មាន និងសម្ភាសន៍ជាមួយកូនសិស្សដែលឈឺ និងមិនឈឺ និងអ្នកលក់នំប័ុងដាក់សាច់ ព្រមទាំងពិនិត្យបរិស្ថានជុំវិញសាលា ក៏ដូចជាកន្លែងលក់ ការរៀបចំពេលធ្វើនំប័ុងដាក់សាច់ ហើយចំណុចដែល ក្រុមអង្កេតស្រាវជ្រាវពិនិត្យឃើញមានដូចតទៅ:
១. ការរៀបចំធ្វើនំប័ុងដាក់សាច់ កង្វះអនាម័យ គ្មានពាក់ស្រោមដៃពេលចាប់សាច់ ចាប់បន្លែជាដើម
២. ធ្វើបឺរបៀកនំប័ុងដោយខ្លួន ឯង គ្មានពាក់ស្រោមដៃ
៣. ដោយតំរូវការចំនួនច្រើនដើម្បីចែកចាយដល់កូនសិស្យ ហើយអ្នកធ្វើមានចំនួនតិច ដូច្នេះពួកគាត់ត្រូវងើបធ្វើតាំងពីយប់ ហើយដាក់នំបុ័ងដែលមានដាក់បឺរ សាច់ចិញ្រ្ចំ សាច់ចំណិតប៉ាតេ ត្រសក់ និងគល់ខ្ទឹមទៅក្នងកេសក្រដាស់ធំ ក្នុងរយះពេលយូរ រហូតដល់ ៥ទៅ៦ ម៉ោង នេះជាចំណុចដែលក្រុមអង្កេតចាប់អារម្មណ៌ជាងគេ ព្រោះការទុកដាក់ នំបុ័ងដាក់សាច់ក្នុងកេសចោលក្នុងរយះពេលយូរ ជាឱកាសទុកអោយ មេរោគរីកដុះដាល ។
៣. ហើយឆ្លងតាមការសម្ភាសន៏ ជាមួយអ្នកឈឺ គឺក្រោយពីហូបនំប័ុងដាក់សាច់ ម៉ោងប្រមាណ ១០ៈ៣០ អ្នកជំងឺចាប់ផ្តើមឈឺ គឺចុកពោះ រួចក្អួត (ក្អួតមានគ្រប់អ្នកជំងឺទាំងអស់) ខ្លះរាគ ក្តៅខ្ខ្លួន (មានចំនួនតិច) នៅម៉ោងប្រមាណ ២ៈ០០ រសៀល ដូច្នេះរយះពេលសំងំមេរោគគឺ ជុំវិញ៤ ទៅ៥ម៉ោង ដូច្នេះការសន្និដ្ឋាន ការរាតត្បាតជំងឺបណ្តាលមកពីការពុលអាហារនៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះនេះ បណ្តាលមកពីមេរោគបាក់តេរី ដែលមកពីកង្វះអនាម័យក្នុងការផលិត និងទុកដាក់មិនបានសមស្រប។
ដូច្នេះបងប្អូនអ្នកលក់ដូរទាំងអស់ត្រូវប្តូរទំលាប់មិនល្អខាងលើចោល ។
វិធានការយើងខ្ញុំកន្លងមកៈ
១. បណ្តុះបណ្តាលមន្ត្រីជំនាញ
២. អប់រុំអ្នកលក់ដូរ
៣. ចុះឆ្លើយតបជំងឺឲ្យទាន់ពេលវេលា និងអង្កេតរកមូលហេតុ
៤. ដាក់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥
Created 06-Mar-2016
ខ្សែវីដេអូខ្លី ស្តីពីបទយកកាណ៏អំពីជំងឺ ហ្សីុកា ផលិតដោយ Blue Media ។
Short Video on Zika Virus documentary, produced by Blue Media.
Created 02-Feb-2016
សេចក្តីជូនដំណឹង អំពីឱសថក្លែងក្លាយសម្រាប់ព្យាបាលរោគថ្លើមប្រភេទសេ ដែលកំពុងសចែកចាយនៅក្នុងតំបន់ South East Asia ដែលក្រសួងសុខាភិបាលទទួលបានពីអង្គការសុខភាពពិភពលោក ដូចមានអត្ថបទជូនភ្ជាប់មកជាមួយនេះស្រាប់។ ដូច្នេះ សូមប្រជាពលរដ្ឋ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការប្រើប្រាស់ឱសថព្យាបាលរោគថ្លើមប្រភេទសេ (Hepatitis C) ។
សូមមេត្តាជួយ share ឲ្យបានច្រើន ដើម្បីកុំឲ្យខាតបង់ថវិកា និងខូចសុខភាព ។
Created 22-Feb-2016 | Updated 01-Mar-2016
វីដេអូៈ ពត៌មានអប់រំស្តីអំពីជំងឺផ្តាសាយ H1N1 (បងប្អូនខ្លះហៅផ្តាសាយជ្រូក)។
Video: Education news on Seasonal Flu H1N1.
Created 17-Feb-2016
នៅថ្ងៃទី ១៧ កុម្ភៈ ២០១៦ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល បានទៅពិនិត្យនិងតាមដានសុខភាពនៅមន្ទីរ ពិសោធន៏ជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ដែលជាមន្ទីរពិសោធន៏ទទួលស្គាល់គុណភាពដោយ អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹង ជំងឺឆ្លងរបស់សហរដ្ឋអាមេរិក(USCDC) ដោយមានការគិតតំលៃសមរម្យបំផុត។ ដែលមានទីតាំងនៅដីឡូត៍៨០ វិថី សម្តេច ប៉ែន នុត ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ហៅផ្លូវទួលគោក) ។
Created 16-Feb-2016
ទោះបីបច្ចុប្បន្ននេះពុំមានករណីជំងឺហ្ស៊ីកា (ZIKA) នៅក្នុងប្រទេសកម្ពុជានៅឡើយ ក៏មន្ត្រីជំនាញពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីត្រៀមឆ្លើយតបទៅនឹងការរាតត្បាតដោយជំងឺ ZIKA ជាយថាហេតុ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ កុម្ភៈ ២០១៦។ មន្ត្រីជំនាញចូលរួមមានៈ
១. នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
២. នាយកដ្ឋានមន្ទីរពេទ្យ
៣. ជំនាញមន្ទីរពិសោធន៏មកពី វិទ្យាស្ថានជាតិសុខភាពសាធារណៈ វិទ្យស្ថានប៉ាស្ទ័រ NAMRU2
៤. មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៥. កម្មវិធីជាតិចាក់ថ្នាំបង្ការ និងជំងឺគ្រុនឈាម
៦. ឯកទេសជំងឺសសៃប្រសាទពីមន្ទីរពេទ្យកាលម៉ែត្រ កុសមៈ ខ្មែរសូវៀត
៧. ឯកទេសជំងឺកុមារមកពី មន្ទីរពេទ្យកុមារជាតិ កុមារអង្គរ គន្ធបុប្ផា
៨. ដៃគូអភិវឌ្ឍន៏ WHO Handicap International USCDC UNICEF GIZ
Created 13-Feb-2016
សូមចាក់ស្តាប់សាររបស់អង្គការសុខភាពពិភពលោកស្តីអំពីជំងឺហ្សីុកា(ZIKA).
Created 04-Feb-2016
ក្នុងពិធីចូលឆ្នាំចិន វៀតណាមនឹងឈានមកដល់ឆាប់ៗ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពី ការចំលងជំងឺផ្តាសាយបក្សី ។ សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។ ក្នុងប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងដើមឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។ ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៏ របស់ក្រសួងសុខាភិបាលៈ ០១២៤៨៨៩៨១ ០៨៩ ៦៦៩៥៦៧ និង ១១៥ ។ សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។
Created 30-Jan-2016
ដើម្បីកូនបងប្អូនមានសុខភាពល្អ សូមនាំកូនទៅទទួលថ្នាំ បង្ការតាមកម្មវិធីដូចខាងក្រោមភ្ជាប់មកជាមួយនេះ នៅតាមមណ្ឌលសុភាព ឫមន្ទីរពេទ្យដែលស្ថិតនៅជិតផ្ទះបងប្អូនបំផុត ។
សូមបងប្អូនយកទៅជាមួយនូវប័ណ្ណសុខភាពកុមារាឫកុមារី (ឫហៅប័ណ្ណលឿង) និងត្រូវរក្សាទុកឲ្យបានល្អ ដើម្បីតាមដានសុខភាពកុមារលើកក្រោយទៀត ។ ចំពោះបងប្អូនបំរើការងារនៅបរទេស សូមបងប្អូនទូរស័ព្ទមកអ្នកថែទាំកូនរបស់បងប្អនដើម្បីនាំកូនទៅទទួលថ្នាំបង្ការតាមកាលកំនត់ ដោយឲ្យគាត់យកប័ណ្ណលឿងទៅជាមួយផង ។
Created 27-Jan-2016
កម្មវិធីចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាល ដើម្បីចាក់បង្ការជំងឺលើកុមារ និងស្ត្រី ក្នុងប្រទេសកម្ពុជា ។
Created 24-Jan-2016 | updated 04-Feb-2016
វីរុស Zika រកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្ស ក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda និងTanzania នែទ្វីបអាហ្វ្រិក ។ បន្ទាប់មកជំងឺ នេះមានការ ផ្ទុះឡើងជារប៉េះរប៉ោះ នៅទ្វីបអាហ្រ្វិក អាមេរិក និង អាសុីប៉ាស៊ីហ្វិក ។
បច្ចុប្បន្ននេះ វីរុស Zika កំពុងរាត្បាតនៅប្រទេសក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្តាល ការរាត្បាតនេះរីកខ្លាំងឡើងបន្ទាប់ពីការទាត់បាល់ពិភពលោកនៅប្រទេសប្រេស៊ីលឆ្នាំ២០១៤ ។ ជំងឺនេះចំលងតាម មូសខ្លា ដូចជំងឺគ្រុនឈាមដែរ និងមានរោគសញ្ញាដូចជំងឺគ្រុនឈាម (គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក កន្ទួលក្រហមលើស្បែក ឈឺសន្លាក់) ។ នៅក្នុងតំបន់យើងរកឃើញជំងឺនេះនៅស្រុកយើងមួយករណីកាលពីឆ្នាំ ២០១០ ជាសះស្បើយ និងចាប់ពីពេលនោះដល់បច្ចុប្បន្នពុំរកឃើញ ទៀតទេ ឯប្រទេសថៃវិញចាប់ពីឆ្នាំ២០១២ ដល់ ២០១៤ រកឃើញ ៧ករណីសុទ្ធសឹងតែជាសះស្បើយ និង ខែមករានេះរកឃើញ ១ករណីទៀតរកឃើញពេលធ្វើដំណើរទៅកោះតៃវ៉ាន់ ។ យើងមានមន្ទីរ ពិសោធន៏អាចធ្វើតេស្ហបាន ។ គ្រោះភ័យបណ្តាលមកពីជំងឺនេះនៅ ក្នុងប្រទេសយើងនៅមានកំរិតទាបនៅឡើយ តែវិធានការបង្ការត្រូវតែ ពង្រឹងជាប់ជានិច្ច ដែលយើងប្រើប្រព័ន្ទដែលមានស្រាប់ ។
វិធានការណ៏សុខាភិបាលៈ ពង្រឹងប្រព័ន្ទតាមដានជំងឺ ធ្វើតេស្ហអ្នក សង្ស័យជំងឺ បងប្អូនដែលធ្វើត្រលប់មកពី អាហ្វ្រិក និង អាមេរិក បើសង្ស័យសូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពី ប្រវត្តន៏ការធ្វើដំណើរ រឺទូរស័ព្ទមកលេខ ១១៥ ០១២៤៨៨៩៨១ ០៨៩៦៦៩៥៦៧ ។
Created 20-Jan-2016
គណៈគ្រូពេទ្យកម្ពុជាទទួលយកការបកស្រាយរបស់ លោក គួច ម៉េង លី និង ទទួលការរិះគន់ស្ថាបនា តាមរយៈយន្តការដែលមានស្រាប់ ។
សូមទស្សនាបទវិភាគរបស់ទូរទស្សន៍ PNN ដែលបកស្រាយពីតថភាពជាក់ស្តែង និង ការរិះគន់ដោយស្ថាបនា លើវិស័យសុខាភិបាលនៅកម្ពុជា។
Created: 19-Jan-2016
នេះជាមតិមួយចំនួនដែលទទួលពីបណ្តាញសង្គម ។ សូមបងប្អូនរិះគន់ដោយស្ថាបនា និងចំគោលដៅ ងាយស្រួល ដោះស្រាយអោយសមស្រប ។
Created: 15/16-Jan-2016
ការឆ្លើយតបរបស់គណៈគ្រូពេទ្យចំពោះការមិនព្រមទទួល កំហុស និងសំទោសជាសាធារណៈរបស់លោកវេជ្ជបណ្ឌិតគួច ម៉េង លី ។
គណៈគ្រូពេទ្យកម្ពុជាសូមឲ្យលោក គួច មេងលី កែតំរូវកំហុស និងសុំទោសជាសាធារណៈ ។
Created: 14-Jan-2016 => upfated: 18-Jan-2016
សូមទស្សនាខ្សែភាពយន្តអប់រំខ្លីស្តីអំពីការប្រើថ្នាំផ្សះ សូមកុំប្រើថ្នាំផ្សះបើគ្រាន់តែ គ្រុនក្តៅ ឫ ផ្តាសាយ បើចាំបាច់សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
ត្រូវចងចាំថា ថ្នាំផ្សះ ជាជាតិគិមីប្រើសំរាប់សំលាប់មេរោគនៅពេលដែលរោគសញ្ញាបញ្ជាក់ថា មានពួកវាមានវត្តមាននៅក្នុងខ្លួនយើងនិងមានតែគ្រូពេទ្យដែលដឹង។ ការប្រើថ្នាំផ្សះដោយមិនសមស្រប នឹងបណ្តាលអោយមេរោគមាន ភាពស៊ាំនឹងថ្នាំផ្សះ ដែលពិបាកព្យាបាលអោយជានៅថ្ងៃក្រោយ និងការប្រើថ្នាំផ្សះ ច្រើនអាចនឹងប៉ះពាល់ដល់សុខភាពដូចជាបណ្តាលអោយ ចង្អោរ ក្អួត រាក ប្រតិកម្មនឹងថ្នាំផ្សះ និងកើតរោគផ្សិតនៅក្នុងរាងកាយយើង ។
Created: 19-Dec-2015
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចូលរួមជាភ្ញៀវកិត្តិយសសំភាសន៏ក្នុងវិទ្យុជាតិ AM918 និង FM105.7 ស្តីពីសុវត្ថិភាពចំណីអាហារ ។
Created: 13-Dec-2015
សេចក្តីប្រកាសពត៌មានសុខាភិបាលស្តីពីការពុលស្រា បណ្តាលអោយ ពុល និងស្លាប់នៅខេត្តក្រចេះ ។ ចាប់ពីថ្ងទី ១៩ វិច្ជិកា រហូតដល់ថ្ងៃទី ១៣ ខែ ធ្នូ នេះ មានករណីពុលស្រាកើនដល់ ១៧២ករណី និង ស្លាប់កើនដល់ចំនួន ១៩នាក់ ។ សូមស្ថាប័នពាក់ព័ន្ធមេត្តាពង្រឹងការ ត្រួតពិនិត្យការផលិត ការនាំចូល ការចែកចាយ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាព ស្រា និងចំណីអាហារ ដើម្បីសុខភាពប្រជាពលរដ្ឋយើង ។
ទាញយកសេចក្តីប្រកាស់ ទីនេះ
Created: 10-Dec-2015
សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ
Created: 24-Oct-2015
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីអំពីការហាមសេពគ្រឿងស្រវឹង និងលេងល្បែងក្នុងពេលម៉ោងធ្វើការ ឫ វេនយាម។
Created: 12-Oct-2015
សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ និងមានសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ដោយគោរព និង សូមអរគុណ ពីអ្នកនាំពាក្យក្រសួងសុខាភិបាល ។
សូមផ្ញើជូននូវកូនសោគន្លឹះ ៥ សំរាប់សុវត្ថិភាពចំណីអាហារ ។
Created: 05-Oct-2015Created: 05-Oct-2015
សំភាសន៏នៅក្នុងវេទិការអ្នកស្តាប់វិទ្យុអាសីុសេរី ស្តីអំពី ការរាតត្បាតជំងឺឆ្លងនៅពេលមានទឹកជំនន់ ។
Created: 12-Sep-2015
យោង : ការផ្សាយរបស់វិទ្យុអាសុីសេរីព្រឹកថ្ងៃទី12 ខែ កញ្ញា ឆ្នាំ 2015 វេលាម៉ោង 5:30 នាទីព្រឹកមិុញនេះស្តីពីការរាតត្បាតជំងឺសើស្បែក
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានរៀបចំក្រុមការងារឆ្លើយតបបន្ទាន់ថ្នាក់ខេត្តនិងមណ្ឌលសុខភាពឡានចំនួន2ក្រុម ដើម្បីចុះទៅពិនិត្យដោយផ្ទាល់នៅភូមិចំនួន 3 ភូមិ គឺភូមិ សំអាង ,ឆ្វាង និងស្រែឬស្សី ដែលវិទ្យុអាសុីេសរីផ្សាយ ហើយក្រុមការងារបានទៅដល់ភូមិគោលដៅ និងជំហានដំបូងក្រុមការងារបានជួបផ្ទាល់ជាមួយអាជ្ញាធរឃំុ ភូមិ និងអ្នកស្មគ្រចិត្តភូមិ គឺមិនដូចការផ្សាយរបស់វិទ្យុអាសីុសេរីទេ ដើម្បីចង់ដឹងកាពិត ក្រុមការងារនិងអាជ្ញាធរភូមិ ឃំុបានចុះពិនិត្យសុខភាពជូនប្រជាជនចាប់ពីក្បាលភូមិរហូតដល់ចុងភូមិជួបតែ 1 ករណី ដែលក្រុមការងារគិតថាធម្មតា 1 រឺ 2 នាក់ តែងតែមាន ហើយតាមភូមិ ,ដោយរដូវនេះជារដូវវស្សាសូមបងប្អូនត្រូវមានការប្រុងប្រយត្ន ជាពិសេសការប្រើប្រាស់ទឹក !
ដូចនេះក្រុមការងារបានប្រាប់ទៅអាជ្ញាធរថា បើមានករណីទាក់ទងសុខភាភាពសូមរាយការណ៍មកមណ្ឌលសុខភាព រឺ មកមន្ទីរសុខាភិបាលខេត្តជាបន្ទាន់ ,
សរុបសេចក្តីមកមិនមានការរាតត្បាតជំងឺសើស្បែកដូចវិទ្យុអាសីុសេរីផ្សាយថាមានការកើតជំងឺសើស្បែក
មានចំនួនច្រើនរហូតដល់ 20 %ក្នុងភូមិនោះទេ !
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
Created: 15-Aug-2015
កន្លងមកថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានទទួល របាយការណ៏អំពីការកើតមានឡើងនៃជំងឺស្រឡទែន ។ ដូច្នេះដើម្បី ទប់ស្កាត់ជំងឺស្រឡទែននេះ នាយកដ្ឋានយើងខ្ញុំសូមផ្តល់សារអប់រំ ដូចមានខាងក្រោមនេះ
ស្រឡទែន (Mumps)
ស្រឡទែនគឺបណ្តាលពីមេរោគវីរុសដែលប៉ះពាល់ទៅដល់ក្រពេញទឹកមាត់។ វីរុសឆ្លងតាមការប៉ះពាល់ដោយ ផ្ទាល់ឬតាមដំណក់តូចៗ ចេញពីផ្លូវដង្ហើមរបស់អ្នកជំងឺស្រឡទែន។ ជាធម្មតារោគសញ្ញាដំបូង កើតឡើងនៅ 2-3 សប្តាហ៍បន្ទាប់ពីការឆ្លងមេរោគវីរុស, រួមមាន ឈឺក្បាល, ឈឺសាច់ដុំ គ្រុនក្តៅស្ទិញៗ និងល្ហិតល្ហៃនិងមិនយូរប៉ុន្មាន មានហើមប៉ោងក្រពេញទឹកមាត់នៅគុម្ពត្រចៀកផ្នែកខាងមុខម្ខាងឬទាំងសងខាង។ វីរុសនេះជាធម្មតាបណ្តាលឱ្យមានជំងឺស្រាលចំពោះកុមារ ប៉ុន្តែចំពោះមនុស្សពេញវ័យអាចនាំឱ្យមានផលវិបាកដូចជា ជំងឺរលាក ស្រោមខួរនិងរលាកពងស្វាសម្ខាងឬទាំងសងខាង។ ស្រឡទែនអាច បង្ការបានដោយការចាក់ថ្នាំបង្ការ។ គ្មានឧិសថព្យាបាលជាក់លាក់ទែ មានតែការព្យាបាលគាំទ្រវេជ្ជសាស្ត្រ ។
* តើត្រូវធ្វើអ្វីពេលអ្នកកើតស្រឡទែន?
• អ្នកគួរតែជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកផ្សេងទៀត យ៉ាងហោចណាស់រយៈពេល៥ថ្ងៃក្រោយពីមានហើមប៉ោងគុម្ពត្រចៀក ព្រោះក្នុងអំឡុងពេលនេះ វាចម្លងបាន។
• រយៈពេលដែលមេរោគវីរុសចូលរហូតដល់ចេញរោគសញ្ញាមានពី 12ថ្ងៃ ទៅ 25 ថ្ងៃ។
• អ្នកមិនគួរទៅធ្វើការឬទៅសាលារៀនទេ។
អ្នកគួរស្នាក់នៅតែក្នុងផ្ទះនៅពេលដែលអ្នកមានជំងឺស្រឡទែននិងកាត់បន្ថយការប៉ះពាល់ជាមួយ មនុស្សដែលអ្នករស់នៅជាមួយ ឧទាហរណ៍, ប្រសិនជាអ្នកអាចធ្វើបាន ដេកនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេ ។
* តើអ្វីផ្សេងទៀតដែលខ្ញុំគួរធ្វើដើម្បីទប់ស្កាត់ការរីករាលដាលស្រឡទែន?
•ខ្ទប់មាត់និងច្រមុះរបស់អ្នកជាមួយក្រដាសឬក្រណាត់នៅពេលដែលអ្នកក្អកឬកណ្តាស់និងបោះ ចោលក្នុងធុងសំរាម។ •ប្រសិនបើអ្នកគ្មានក្រដាសឬក្រណាត់ពេលអ្នកក្អកឬកណ្តាស់ត្រូវក្អក ដាក់ផ្នែកខាងលើនៃដើមដៃរបស់អ្នកឬកែងដៃ, មិនមែនលើបាតដៃ។
• ឧស្សាហ៏លាងដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក។
• ជៀសវាងចែករំលែកភេសជ្ជៈ ឬ ប្រដាប់ប្រដាបរិភោគជាមួយគ្នា ។
• សម្លាប់មេរោគឲ្យបានញឹកញាប់នៅលើផ្ទៃដែលបានប៉ះពាល់ ដូចជាប្រដាប់ក្មេងលេង, ទ្វារ តុ ។ល។
* បង្ការស្រឡាទែន
• លាងដៃរបស់អ្នក
• ខ្ទប់មាត់របស់អ្នកពេលក្អកនិងកណ្តាស់
• នៅតែផ្ទះប្រសិនបើអ្នកឈឺ
• កុំចែករំលែក ពែង កែវ ប្រដាប់ប្រដារប្រើប្រាស់។ល។
Created: 14-Jun-2015 | MERS Updated: 01-Aug-2015
ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាគ្មានករណីជំងឺផ្ឡូវដង្ហើមមជ្ឈឹមបូព៌ា
ទៀតទេ ។ ដូច្នេះមានន័យថាប្រទេសកូរ៉ខាងត្បូងបានកាត់ផ្តាច់ខ្សែ សង្វាក់ចំលងនៃជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាហើយ ។ ជោគជ័យក្នុងការ ទប់ស្កាត់ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ារួមមានៈ
១. រកឃើញករណីជំងឺទាំងអស់ទាន់ពេលវេលា
២. រកអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់អោយទាន់ពេលវេលា
៣. ដាក់អ្នកប៉ះពាល់ទាំងអស់អោយនៅដោយឡែក និងតាមដានសុខភាព
៤. បង្ការការចំលងរោគនៅក្នុងមន្ទីរពេទ្យ និងគ្លីនិក
៥. ផ្តល់ពត៌មានអប់រំ និងពត៌មានត្រឹមត្រូវទាន់ពេលវេលាអ្នកនាំពាក្យក្រសួងសុខាភិបាល
----------------------------------------------------------------------------------------------------------------------------
១. បើសង្ស័យខ្លួនមានជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាសូមមអញ្ជើញទៅ ព្យាបាលជំងឺជាបន្ទាន់នៅពេទ្យ និងសូមប្រាប់គ្រូពេទ្យអំពីប្រវត្តិការធ្វើ ដំណើរ ឬ ទូរស័ព្ទ រាយការណ៏មកយើងខ្ញំុ។
២. បើក្នុងគ្រួសារ ក្នុងភូមិ ក្នុងគ្រឹះស្ថានសុខាភិបាល មានជំងឺផ្លូវដង្ហើម ច្រើនខុសធម្មតា ក៏សូមរាយការណ៏មកយើងខ្ញំុ ដើម្បីបញ្ជូនមន្រ្តីជំនាញ ចុះអង្គេតស្រាចជ្រាវជាបន្ទាន់ ។
ក្រសួងសុខាភិបាលកំពុងតាមដានជំងឺនេះយ៉ាងយកចិត្តទុកដាក់ ទាំងនៅប្រទេសថៃ ឧបទ្វីបមជ្ឈឹមបូព៌ា និងប្រទេសកូរ៉េខាងត្បូង និង ពង្រឹងប្រព័ន្ទ តាមដានក្នុងប្រទេសជាប់ជានិច្ច ។
ពត៌មានបន្ថែមៈ ១១៥ ០១២៤៨៨៩៨១ ០៨៩៦៦៩៥៦៧ ។
សូមអាននូវសារអប់រំអំពីជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា និង និយមន័យ ដូចភ្ជាប់ជាមួយនេះ ជាពិសេសបងប្អូនដែលធ្វើដំណើរទៅមជ្ឈឹមបូព៌ា និងកូរ៉េខាងត្បូងសូម មេត្តាយកចិត្តទុកដាក់បំផុត ។ សូមភ្ជាប់ផងដែរនូវសកម្មភាពថ្នាក់ដឹក មន្ត្រីជំនាញ និងការតាមដាន សុខភាពអ្នក ដំណើរនៅ ច្រកព្រំដែនអន្តរជាតិ ។
សកម្មភាពមន្ត្រីជំនាញតាមដានសុខភាពអ្នកដំណើរនៅច្រកព្រំដែនអន្តរជាតិ
Created: 10-Jun-2015
មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងមន្ត្រីជំនាញរបស់អង្គការសុខភាពពិភពលោក ធ្វើការប្រជុំវាយ តំលៃជាប្រចាំអំពីស្ថានភាពជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា នៅប្រទេសកូរ៉េ ខាងត្បូង និងឧបទ្វីបមជ្ឈឹមបូព៌ា និងធ្វើការតាមដាន វាយតំលៃ និង ពង្រឹងវិធានការបង្ការ ទប់ស្កាត់ ជាប់ជានិច្ច ។ រហូតដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៥ នេះ ពុំទាន់រកឃើញករណីជំងឺផ្លូវដង្ហើមមជ្ឈឹម បូព៌ា នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ។ បើបងប្អូមាន សញ្ញាដូចជាគ្រុនក្តៅ ក្អក រាក ឈឺសាច់ដុំ ដកដង្ហើមថប់ៗ ឬហត់ និង មានប្រវត្តិន៏ធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង និងឧបទ្វីបមជ្ឈឹមបូព៌ា សូមអញ្ជើញទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីធ្វើតេស្ហឈាម និងព្យាបាល និង សូមប្រាប់គ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វើដំណើរ ។ បើក្នុងគ្រួសារ ក្នុងភូមិ ក្នុងគ្រឹះស្ថានសុខាភិបាល មានជំងឺផ្លូវដង្ហើម ច្រើនខុសធម្មតា ក៏សូមរាយការណ៏មកយើងខ្ញំុ ដើម្បីបញ្ជូនមន្រ្តីជំនាញ ចុះអង្គេតស្រាវ ជ្រាវជាបន្ទាន់ តាមរយៈទូរស័ព្ទទាន់ហេតុការណ៏លេខ 115 012488981 089669567។
Created: 09-Jun-2015 | Updated: 12-Jun-2015
រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ពុំទាន់រកឃើញករណីជំងឺផ្លូវ ដង្ហើមមជ្ឈឹមបូពា៌ (MERS) នៅព្រះរាជាណាចក្រកម្ពុជាទេ ។ កូរ៉េខាង ត្បូងបានរកឃើញករណីជំងឺផ្លូវដង្ហើមមជ្ឈឹមបូពា៌ (MERS) ចំនួន ១២៦ករណី និងក្នុងនោះ ១០នាក់បានស្លាប់ និងដាក់អ្នកបានប៉ះពាល់ ជាមួយជំងឺចំនួន ៣៨០៥នាក់ អោយនៅដោយឡែកពីគេ និងតាមដាន សុខភាព (មានន័យ ថាដាក់ក្នុងផ្ទះឬក្នុងមន្ទីរពេទ្យ ដោយមិនអោយជួប អ្នកដទៃ ក្នុងគោល បំណងបង្ការចំលងទៅអ្នកដ៏ទៃទៀត) បិទសាលា រៀនចំនួន ២៤៣៥ ។ សូមបញ្ជាក់ថា ជាដំបូងជំងឺនេះឆ្លងមកប្រទេស កូរ៉េខាងត្បូងតាម រយៈអ្នកដំណើរកូរ៉េម្នាក់មានជំងឺនេះ ឆ្លងមកពី ឧបទ្វីបមជ្ឈឹមបូព៌ា ។ អ្នកដែលឆ្លងជំងឺហើយវិវត្តន៏ ទៅជំងឺធ្ងន់ ធ្ងរ និងស្លាប់ ច្រើន កើតលើមនុស្សចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ ក្នុងខ្លួន (ជំងឺទឹកនោមផ្អែម មហារីក ។ល។ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) បង្កឡើងដោយ មេរោគឈ្មោះ កូរ៉ូណាវីរុស (Corona Virus) ដែលរកឃើញដំបូងក្នុងឆ្នាំ២០១២ ក្នុង ប្រទេសអារ៉ាប៌ីសាអូឌីត ដែលអ្នកវិទ្យាសាស្រ្តសង្ស័យថា ចំលងមក ពីសត្វអូដ៏ និង សត្វព្រៃដទៃទៀត និង អាចឆ្លងពីអ្នកឈឺទៅ មនុស្ស ម្នាក់ទៀតតាមរយៈការប៉ះ ពាល់ផ្ទាល់ (រាងកាយ និង ទឹកសរីរាង្គ អ្នកជំងឺដូចជា ក្អក កណ្តាស ។ល។) និងរស់ នៅជិតដិតជាមួយគ្នា ។ រោគសញ្ញាជំងឺរួមមានៈ គ្រុនក្តៅលើសពី ៣៨អង្សារសេ ក្អក រាក ឈឺសាច់ដុំ ដកដង្ហើមហត់ ។ មិនទាន់វ៉ាក់សាំង និង ថ្នាំព្យាបាល សំលាប់មេរោគ ទេ គឺព្យាបាលតាមបច្ចេកទេសគាំទ្រវេជ្ជសាស្រ្ត ។
កាលពីឆ្នាំ ២០០៣ ពិភពលោកយើងក៏ធ្លាប់ផ្ទុះជំងឺបណ្តាលមកពី មេរោគឈ្មោះ កូរ៉ូណាវីរុស (Corona Virus) ដែលហៅថាជំងឺ សារស៏ (SARS) ដែលមានប្រជាជន ពីភពលោកយើងឈឺ និង ស្លាប់ជាច្រើន ។ដើម្បីសុវត្ថិភាពដល់អ្នកធ្វើដំណើរ ទៅតំបន់ផ្ទុះនិង ត្រលប់មកវិញ សូមអនុវត្តវិធានដូចខាងក្រោមៈ
១. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។
២. លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូនិងទឹក) ជាពិសេសបន្ទាប់ ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺឬបរិស្ថានជុំវិញគាត់។
៣. ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យនិងសុវត្ថិភាពម្ហូបអាហារ ដូចជា ជៀសវាងផលិតផលសត្វ ចំអិនមិនឆ្អិនល្អ ក្នុងនោះមាន ទឹកដោះ និងសាច់។
៤. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយ កសិដ្ឋានឬសត្វរស់ ដែលជាកន្លែងដែលគេដឹងថា មានវត្តមានវីរុសចរាចរ។
៥. ជាអនុសាសន៍ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេលនិងបន្ទាប់ ពីការប៉ះសត្វ។
៦. បើសង្ស័យខ្លួនមានជំងឺនេះ សូមអញ្ជើញទៅព្យាបាលជំងឺជាបន្ទាន់ នៅពេទ្យ និងសូមប្រាប់គ្រូពេទ្យអំពីប្រវត្តការធ្វើដំណើរ ឬ ទូរស័ព្ទ រាយការណ៏មកយើងខ្ញំុ។
៧. បើក្នុងគ្រួសារ ក្នុងភូមិ ក្នុងគ្រឹះស្ថានសុខាភិបាល មានជំងឺផ្លូវដង្ហើម ច្រើនខុសធម្មតា ក៏សូមរាយការណ៏មកយើងខ្ញំុ ដើម្បីបញ្ជូនមន្រ្តីជំនាញ ចុះអង្គេតស្រាចជ្រាវជាបន្ទាន់
៨. ក្រសួងសុខាភិបាលកំពុង តាមដានជំងឺនេះយ៉ាងយកចិត្តទុកដាក់ ទាំងនៅឧបទ្វីបមជ្ឈឹមបូព៌ា និងប្រទេសកូរ៉េខាងត្បូង និង ពង្រឹងប្រព័ន្ទតាមដានក្នុងប្រទេស ។
ពត៌មានបន្ថែមៈ ១១៥ ០១២៤៨៨៩៨១ ០៨៩៦៦៩៥៦៧ ។
សូមអាននូវសារអប់រំអំពីជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាដូចភ្ជាប់ជាមួយនេះ ។
Joint Press release between the Minstry of Health, Kingdom of Cambodia, and WHO | ENGLISH & KHMER
Created: 22-May-2015
ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីទី១ នៃជំងឺផ្លូវដង្ហើម នៅមជ្ឈឹមបូពា៌ (MERS) ។ អ្នកជំងឺនៅមានសុខភាពនឹងននៅឡើយ គាត់មានអាយុ ៦៨ឆ្នាំ ភេទប្រុស គាត់បានធ្វើដំណើរត្រលប់មកពី ប្រទេស បារ៉ែន (Bahrain) នៃតំបន់មជ្ឈឹមបូពា៌ ។ ប្រពន្្ធរបស់គាត់ មានចេញរោគសញ្ញាដែរ តែស្រាលទេ នឹងទទួលលទ្ធផល មន្ទីរពិសោធន៏ឆាប់នេះ ។ មិនទាន់រកឃើញមានការឆ្លងនៅ ក្នុងសាធារណៈជននៅប្រទេស កូរ៉េខាងត្បូង ទេ ។
អង្គការសុខភាពពិភពលោកបានរាការណ៌ករណីសរុបមានចំនួន ១១១៨ករណី ដែលក្នុងនោះមាន ៤២៣ករណីបានស្លាប់ ។
ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) បង្កឡើងដោយមេរោគឈ្មោះ កូរ៉ូណាវីរុស (Corona Virus) ដែលអ្នកវិទ្យាសាស្រ្តសង្ស័យថា ចំលងមកពីសត្វអូដ៏ និង សត្វព្រៃដទៃទៀត និង អាចឆ្លងពីអ្នក ឈឺទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ។ ដើម្បីសុវត្ថិភាពដល់អ្នក ធ្វើដំណើរ ទៅឧបទ្វីបមជ្ឈឹមបូព៌ា សូមសាធារណៈជន និង សារពត៌មានទាំងអស់ មេត្តាអនុវត្តន៏ និងផ្សព្វផ្សាយ នូវវិធានការបង្ការដូចភ្ជាប់មកជាមួយនេះ ។ ក្រសួងសុខាភិបាលកំពុង តាមដានជំងឺនេះយ៉ាងយកចិត្តទុកដាក់ ទាំងនៅឧបទ្វីបមជ្ឈឹមបូព៌ា ពង្រឹងប្រព័ន្ទតាមដានក្នុងប្រទេស ។
ពត៌មានបន្ថែមៈ ១១៥ ០១២៤៨៨៩៨១ ០៨៩៦៦៩៥៦៧ ។
ទាញយក: វិធានការ
Created: 14-Mar-2015
នៅថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៥ មានការរៀបចំពិធីអប់រំសុខភាព ដល់មន្ត្រីយោធាកម្ពុជាដើម្បីរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ដែលរៀបចំសហការណ៏គ្នារវាងក្រសួងសុខាភិបាល និង ក្រសួង ការពារជាតិ ដែលមាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និង សាលាហ្វឹក ហ្វឺនបណ្តុះបណ្តាលកងកំលាំងរក្សាសន្តិភាពពហុជាតិ មានទីតាំងនៅ ខេត្តកំពុងស្ពឺ ជាអ្នករៀបចំ ។ មន្ត្រីយោធាកម្ពុជាដើម្បីរក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ នឹងធ្វើបេសកកម្មទៅប្រទេសម៉ាលី នៃទ្វីបអាហ្រ្វិក ។ ដើម្បីបង្ការជំងឺឆ្លង ជាពិសេសជំងឺអេបូឡា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានធ្វើការអប់រំអំពីវិធានការបង្ការ ជំងឺឆ្លងជាពិសេសជំងឺ អេបូឡា និងជំងឺឆ្លងដទែទៀត ដើម្បីអោយបង ប្អូនរស់នៅទីនោះដោយ សុខភាពល្អ និង វិលត្រលប់មាតុប្រទេសវិញ ដោយសុខភាពល្អដែរ ជៀសវាងឆ្លងជំងឺលើខ្លួន និងចំលងទៅ សហគមន៏។
គណៈអធិបតី ឯកឧត្តម សាស្រ្តាចារ្យ សាន់ ចាន់សឿន ឯកត្តម ឧត្តមសេនីយ៏ទោ ហួត គឹមសាន និង គ្រូឧទ្ទេសនាម លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ។
Created: 27-Feb-2015
មេរោគផ្តាសាយ H1N1v ជាមេរោគដែលបង្កអោយមានជំងឺផ្តាសាយ ហើយដែលធ្លាប់រាតត្បាតជាសកលនៃប្រទេសទាំងអស់ក្នុងពិភពលោក កាលពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ២០១៣ ។ ដោយឡែកប្រទេសកម្ពុជា ក៏បានឆ្លងជំងឺនេះដែលបណ្តាលអោយឈឺ និងស្លាប់ដោយជំងឺនេះ ។ ហើយចាប់ពីឆ្នាំ ២០១៣ មក អង្គការសុខភាពពិភពលោក WHO បានចាត់ទុកជំងឺផ្តាសាយដែល បង្កដោយមេរោគផ្តាសាយ H1N1v ជំងឺផ្តាសាយធម្មតា (ជំងឺផ្តាសាយ តាមរដូវ) ដូចនឹងជំងឺផ្តាសាយដ៏ទៃ ទៀតដែរ ។ តែទោះជាយ៉ាងណា ក៏ដោយមេរោគ H1N1v នៅតែបន្ត ចំលងក្នុងចំណោមប្រជាជន ដូចជំងឺ ផ្តាសាយដទៃទៀតដែរ ហើយករណីជំងឺខ្លះអាចវិវត្តន៏ទៅជាជំងឺធ្ងន់ធ្ងរ និង ករណីធ្ងន់ធ្ងរខ្លះអាចវិវត្តន៏ដល់ស្លាប់បាន ជាពិសេស កុមារអាយុ ក្រោម ៥ឆ្នាំ និង មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅ ។
ដូច្នេះបងប្អូនដែលមានជំងឺផ្តាសាយត្រូវពាក់ និង ឧស្សាហ៏លាងដៃជា មួយសាប៊ូ និងទឹក ក្នុងគោលបំណងបង្ការចំលងទៅអ្នកដទៃ សូមផឹកទឹកអោយបានច្រើន និង ប្រើថ្នាំបញ្ចុះកំដៅបើចាំបាច់ និង តាមដានសុខភាព ។ បើមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម ឬ ដង្ហើមថប់ៗ ពិបាកផឹកទឹក ឬ អាហារ ឬ សន្លឹម សូមអញ្ជើញជួប គ្រូពេទ្យដើម្បី ធ្វើការព្យាបាល ។
Created: 17-Feb-2015
បុណ្យចូលឆ្នាំ ចិន និង វៀតណាម នឹងឈានមកដល់ឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ។ សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។ ក្នុងប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងដើមឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ដោយឡែកនៅដើមឆ្នាំ ២០១៥ នេះ ពុំទាន់រកឃើញករណីជំងឺផ្តាសាយនៅក្នុងប្រទេសយើងនៅឡើយទេ។ តែទោះជាយ៉ាងណាក៏ សូមបងប្អូនប្រុងប្រយ័ត្នជាប់ជានិច្ច ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិ ប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគ សញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅ មណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។ ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៏ របស់ ក្រសួងសុខាភិបាលៈ ០១២៤៨៨៩៨១ ០៨៩ ៦៦៩៥៦៧ និង ១១៥ ។ សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។
Created: 15-Feb-2015
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជូនពរថ្ងៃនៃសេចក្តីស្រឡាញ់ ជូនដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកសារពត៌មានទាំងអស់ សូមជួបតែ សេចក្តីសុខ សុខភាពល្អមាំមួន ជោគជ័យមុខរបរជួញដូរ និង ការងារ និង ជៀសផុតពីជំងឺឆ្លង និង រាតត្បាតនានា ។
លេខទូរស័ព្ទទាន់ហេតុការណ៏ៈ 115, 012488981, 089669567
Created: 12-Jan-2015
សេចក្តីប្រកាសពត៌មានរួមរវាងក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក WHO និង អង្គការ UNAIDS ស្តីអំពី បច្ចុប្បន្នភាពអំពីការឆ្លងរាលដាលជំងឺអេដស៏ នៅឃុំ រការ ក្នុងស្រុកសង្កែ ខេត្ត បាត់ដំបង ។ |
Created: 27-Dec-2014
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសហការណ៏ជាមួយនាយកដ្ឋានសុខា ភិបាល និង មជ្ឈមណ្ឌលការពារសន្តិភាពអង្គការសហប្រជាជាតិ នៃក្រសួងការពារជាតិ បានធ្វើការ តាមដានសុខភាពដល៎កងទ័ពមួកខៀវ កម្ពុជា ត្រលប៎មកពីបំពេញបេសកកម្ម នៅបរទេស ដោយឲ្យបំពេញប័ណ្ណ ប្រកាសសុខភាព និងចែកជូនប័ណ្ណ ពត៍មាន ដើម្បីតាមដានសុខភាពពួក គាត់ និងព្យាបាលជាបន្ទាន់ក្នុងករណី មានចេញរោគសញ្ញា ៕
Created: 23-Dec-2014
សេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ សូមឲ្យជួយរក្សាការសំងាត់ដល់អ្នកកផ្ទុកមេរោគអេដស៏ ។
សូមអានសារមានភ្ជាប់មកជាមួយនេះ ។ |