Date: 29/Nov/2016

អង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍លើកទី ៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ នេះ មានគណៈប្រតិភូប្រមាណជា ៣០០នាក់ អញ្ជើញមកពីទ្វីបអាស៊ី អឺរ៉ុប អាហ្រ្វិក អូសេអានី និងទ្វីបអាមេរិក ចូលរួមដែលនេះជាវេទិកាដ៏មានសារៈសំខាន់ ដែលអ្នកអេពីដេមីសាស្រ្តអាចចែករំលែកនូវព័ត៌មាន រវាងតំបន់នានា តសូ៝មតិដើម្បីឱ្យមានការវិនិយោគ រៀនសូត្រអំពីការអភិវឌ្ឍន៍វិទ្យាសាស្រ្តថ្មីៗ និងចែករំលែកនូវបទពិសោធន៍នានា រួមមានការលំបាក និងឱកាសនានា រួមបញ្ចូលទាំងវិធីសាស្រ្តនានា ដើម្បីពង្រឹងបណ្តាញបណ្តុះបណ្តាល ផ្នែកអេពីដេមីសាស្រ្ត និងមុខវិជ្ជាពាក់ព័ន្ធនានា។ ការចូលរួមរបស់គណៈប្រតិភូមកពីតំបន់នានានៅក្នុងពិភពលោក បន្ថែមនូវគុណតំលៃចំពោះអង្គសន្និសីទ និងផ្តល់ឱកាសសំរាប់រៀនសូត្រ និងផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមក។
ក្នឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានថ្លែងថា៖
ខ្ញុំសូមសំដែងនូវអំណរគុណដោយស្មោះស្ម័គ្រចំពោះគណៈកម្មការរៀបចំសន្និសីទនូវកិច្ចប្រឹងប្រែងនានា ធ្វើឱ្យព្រឹត្តិការណ៍នេះកើតមានឡើង ជាពិសេសអង្គការ Safetynet, Telphinet និង Skoll Global Threat Fund ដែលបានផ្តល់ជំនួយទាំងបច្ចេកទេស និងថវិកាចំពោះសន្និសីទ និងចំពោះមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺសហរដ្ឋអាមេរិក US-CDC អង្គការសុខភាពពិភពលោក អង្គការ FAO និងដៃគូដ៏ទៃទៀត ដែលខ្ញុំមិនបានរៀបរាប់។ ខ្ញុំសូមសំដែងនូវការគោរព និងការកោតសសើរអស់ពីដួងចិត្តចំពោះវាគ្មិននានានៃសន្និសីទ ដែលបានចំណាយពេលវាលាដ៏មានតំលៃចូលរួម និងញាំងឱ្យព្រឹត្តិការណ៍កាន់តែអធិកអធម។ ពិភពលោក កាន់តែខិតជិតគ្នា តាមរយៈការកើនឡើងនៃជើងហោះហើរ និងការរីកចំរើននៃសេដ្ឋកិច្ច ការកើនឡើងនៃប្រជាជន ការប្រឈមយ៉ាងជិតស្និទរវាងមនុស្ស និងសត្វ និងការផ្លាស់ប្តូរនៃអាកាសធាតុ បានជះឥទ្ធិពលទៅលើបរិស្ថាន និងសុខភាព ដែលជាកង្វល់សុខភាពសាធារណៈនៃការកើនឡើងនូវហានិភ័យនៃការរាតត្បាតនៃជំងឺកើតឡើងថ្មីៗ។ ពុំមានប្រទេសណាមួយ នៅក្នុងពិភពលោកអាចដោះស្រាយចំពោះគ្រោះបន្ទាន់សុខភាពសាធារណៈ ដែលប្រកាសអាសន្ន និងចេះតែកើនឡើងនោះឡើយ។ តួនាទីនៃបណ្តាញបណ្តុះបណ្តាលអេពីដេមីសាស្រ្ត ត្រូវបានទទួលស្គាល់នៅក្នុងការបង្ការ និងការប្រយុទ្ធនឹងការគំរាមកំហែងសុខភាពសាធារណៈទាំងអស់នោះ នៅជុំវិញពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា នៅចំពោះមុខកង្វល់សុខភាពសាធារណៈទាំងអស់នេះ ក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអភិវឌ្ឍផែនការជាតិ សំរាប់ជំងឺកើតឡើងថ្មីៗ និងគ្រោះបន្ទាន់សុខភាពសាធារណៈនានា ដើម្បីសំរេចបានសមត្ថភាពស្នូលដែលតំរូវដោយច្បាប់សុខភាពអន្តរជាតិឆ្នាំ២០០៥ តាមរយៈការអនុវត្តន៍យុទ្ធសាស្រ្តអាស៊ីប៉ាសីហ្វិក សំរាប់ជំងឺកើតឡើងថ្មីៗ។ យើងកសាងនូវសមត្ថភាពមន្ត្រីសុខាភិបាល ដែលអាចអង្កេត និងឆ្លើយតបចំពោះព្រឹត្តិការណ៍សុខភាពសាធាណៈ នៅក្នុងរវាង ២៤ម៉ោង។ ដើម្បីរំដោះនូវរបាំងប្រើប្រាស់សេវាសុខាភិបាល ក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហុ៝ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចូលមូលនិធិសមធម៌ ការធានារ៉ាប់រងសុខភាពនៅសហគមន៍ ទីភ្នាក់ងារប្រតិបត្តិការពិសេស និងការផ្តល់ប្រាក់លើកទឹកចិត្តចំពោះឆ្មប ដើម្បីធានាថា សេវាសុខាភិបាលជាសារវ័ន្ត បានទៅដល់ប្រជាជនគ្រប់រូប ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ។
គួរកត់សម្គាល់ថា តាំងពីឆ្នាំ២០១១ មានមន្ត្រីសុខាភិបាលប្រមាណ ២០០ នាក់បានបញ្ចប់ការសិក្សាវគ្គអេពីដេមីសាស្រ្តមូលដ្ឋានរយៈពេល៦សប្តាសហ៍ និង ២៥ នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលអេពីដេមីសាស្រ្តកំរិតមូលដ្ឋានរយៈពេល៦ខែ។ ក្រសួងសុខាភិបាលមានផែនការនឹងពង្រីកវគ្គសិក្សារយៈពេល១ឆ្នាំ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាល។ តាមការប៉ាន់ប្រមាណប្រទេសកម្ពុជា ត្រូវការអ្នកអេពីដេមីសាស្រ្តប្រមាណ ៧៥នាក់។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។