Date: 06/September/2017

5tips safeFoodក្នុងពិធីបុណ្យកាន់បិណ្ឌកំពុងបន្ត និងពិធីបុណ្យភ្ជំបិណ្ឌ រយៈពេល៣ថ្ងៃនឹងឈានមកដល់ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋយើង មានការជួបជុំនៅតាមវត្តអារាម និងនៅគេហដ្ឋានដោយសប្បាយរីករាយ តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងមានការបារម្ភចំពោះសុខភាពរបស់បងប្អូនក្នុងកំឡុងពេលនេះ ដូច្នេះដើម្បីបង្ការការចម្លងមេរោគជាយថាហេតុ ដែលបណ្តាល មកពីការធ្វេសប្រហែសក្នុងការទទួលទានចំណីអាហារដែលខ្វះអនាម័យ ការចម្អិតអាហារ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ ដែលអាចបណ្តាលឲ្យពុល ដែលភាគច្រើនមាន រោគសញ្ញាដូចជា៖ ក្អួត ចង្អោរ រាគ រាគមួលជាដើម ហើយអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ ជីវិត ។ ដូច្នេះដើម្បីចៀសវាងគ្រោះថ្នាក់ខាងលើ និងចៀសវាងការខាតបង់ពេលវេលានិងថវិកា នាយកដ្ឋាន មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ពីវិធានការដ៏សមញ្ញ សម្រាប់អនុវត្តន៍ដូចតទៅ៖
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុននិងក្រោយពេលបន្ទោរបង់
៣. លាងបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារះប្រើសំរាប់ចម្អិតម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិតអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦. ទុកដាក់អាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា
៧. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
ខ. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ
៨. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់
ពត៌មានបន្ថែមឬចង់រាយការណ៏សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ ។