Date: 08/September/2017
ព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាព បណ្តាលមកពីការពុលអាហារ និងពុលស្រាក្នុងកំឡុងពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឱ្យចូលរួមអនុវត្តន៍ វិធានការបង្ការដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការពុលអាហារ ពុលស្រា និងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើង ដោយចំណីអាហារគ្មានអនាម័យឬទឹកកខ្វក់ ដែលមានមេរោគបាក់តេរីវីរុស ប៉ារ៉ាស៊ីតឬសារធាតុគីមី ។...
ទោះបីជារដ្ឋាភិបាលរបស់បណ្តាប្រទេសនានានៅលើពិភពលោក បាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការផ្គត់ផ្គង់ស្បៀងអាហារ ប៉ុន្តែការកើតឡើងនៃអាការសុខភាពបណ្តាលមកពីការពុលអាហារនៅតែជាបញ្ហាសុខភាពមួយយ៉ាងសំខាន់ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងអភិវឌ្ឍន៍។
ការពុលចំណីអាហារភាគច្រើនបណ្តាលមកពីការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុក ដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រាដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។ រោគសញ្ញា ដែលបណ្តាលឲ្យពុលចំណីអាហារមានដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាច គ្រោះថ្នាក់ដល់ អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឱ្យមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត, ឈឺពោះវិលមុខងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន ។ លទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីទីកន្លែងដែលកើត ហេតុរបស់មន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះ សូមបង ប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយ គ្មានការត្រួតពិនិត្យត្រឹមត្រូវ។
ឯកឧត្ដមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ” គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបំរើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្តន៍អនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់។” ខ្ញុំចង់លើកទឹកចិត្តគ្រប់គ្នាអនុវត្ត នូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ៖
១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច
២. ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។
៣. លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុតនិងអាហារសមុទ្រ ។
៦. ទុកដាក់ចំណីអាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា។
៧. កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង
៨. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។
ចំពោះការពុលស្រា ក្រសួងសុខាភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់សូមពិសាគ្រឿងស្រវឹងក្នុងកំរិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រាដូចរៀបរាប់ខាងលើ សូមស្វែងរកដំបូន្មានជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។
ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ។
ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការអភិវឌ្ឍន៍នៃបញ្ហាសុខភាពតាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសំភារៈអប់រំសុខភាព ដែលអាចទាញយក មកមើលបាន។
សំរាប់ព័ត៌មានបន្ថែមទៀតសូមទាក់ទងៈ
ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក
វេជ្ជ. លី សូវ៉ាន់ ៖ ០១២ ៨២៥ ៤២៤ លោកស្រី វិចគី ហោសសែ ៖ ៨៥៥-១២ ៤៧១ ៩០៤
_________________________
Download: សេចក្តីប្រកាសដើម