Date: 02/February/2018

Dangue review02022018smកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល សូមផ្តល់សារជូនដំណឹង និងអនុសាសន៍ស្តីអំពីស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០១៨ និងវិធានការណ៍
ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ពុទ្ធសករាជ ២៥៦១
ធ្វើនៅ ភ្នំពេញ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨

ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសដាំងដែលមានបួនប្រភេទ DENV1 DENV2 DENV3 និង DENV4 តាមរយៈមូសខ្លាញីខាំចំលងទៅមនុស្ស។​ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមឃើញថា ជំងឺគ្រុនឈាមឆ្នាំ ២០១៧ បានថយចុះចំនួន ១២០% បើប្រៀបធៀបឆ្នាំ ២០១៦ ។ ប៉ុន្តែតាមការវិភាគស៊ីជំរៅឃើញថាជំងឺគ្រុនឈាមមានការកើនឡើងលើមនុស្សពេញវ័យ និងមនុស្សចាស់ក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយពីឆ្នាំ ២០១៥ ២០១៦ និង២០១៧។ លើសពីនេះទៅទៀតតាមការទស្សន៍តាមបែបអេពីដេមីសាស្ត្រសំគាល់ឃើញថាស្ថានភាពជំងឺគ្រុនឈាមនឹងមានការរាតត្បាតខ្លាំងម្តងនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្តង បានន័យថាការរាតត្បាតចុងក្រោយគឺឆ្នាំ ២០១២ ហេតុនេះឆ្នាំ២០១៨គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតធំម្តងទៀត។ ក្នុងអំឡុង ៣សប្តាហ៍ដំបូងនៃឆ្នាំ២០១៨នេះបានសង្កេតឃើញថា ករណីជំងឺគ្រុនឈាមសរុបមានចំនួន ៣១៦ និងស្លាប់ ១ ករណី មានន័យថា ករណីឈឺកំពុងកើនឡើងចំនួន១៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧ ដែលមានតែ១៣៨ករណី និងគ្មានករណីស្លាប់។
ដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាតដោយជំងឺគ្រុនឈាមឆ្នាំ ២០១៨នេះបានទាន់ពេលវេលា កម្មវិធីជាតិសូមអំពាវនាវដល់ មន្ទីរសុខាភិបាលរាជធានីខេត្ត និងកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ក្រោមជាតិត្រូវ ក្តាប់អោយបាននូវសភាពការជំងឺគ្រុឈាម និងចាត់វិធានការបន្ទាន់ដូចខាងក្រោម៖​

មន្ទីរសុខាភិបាលរាជធានីខេត្ត និងកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់ក្រោមជាតិ
១. ត្រូវពង្រឹងបណ្តាញគ្រប់គ្រងកម្មវិធីគ្រប់កំរិតក្រោមឳវាទ​ តាមដាន និងក្តាប់អោយបាននូវស្ថានភាពជំងឺគ្រុនឈាម រៀបចំធនធានមនុស្ស សំភារៈឳសថបរិក្ខា ហិរញវត្ថុ និងជំរុញអោមានការចូលរួមពីមន្ទីរពាក់ព័ន្ធដូចជា មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរទេសចរណ៍ មន្ទីរកិច្ចការនារី មន្ទីរអភិវឌ្បន៍ជនបទ មន្ទីរធម្មការនិងសាសនា និងមន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំង អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ជាដើម ដើម្បីអោយមានការសហការណ៍ ចូលរួមអនុវត្តវិធានការបង្ការ និងផ្សព្វផ្សាយបន្តនូវសារអប់រំជំងឺគ្រុនឈាម។
២. ត្រូវពង្រឹងសេវាពិនិត្យ រោគវិនិច្ឆ័យ និងព្យាបាល ដោយក្តាប់អោយបាននូវបច្ចុប្បន្នភាពសេវាថែទាំសុខភាព និងតំរូវការទៅតាមស្ថានភាពជំងឺគ្រុនឈាមជាក់ស្តែង (កន្លែងសំរាកព្យាបាល ឧបករណ៍ធ្វើរោគវិនិច្ឆ័យ សេរ៉ូម) ។
៣. ត្រូវពង្រឹងការងារគ្រប់គ្រងភ្នាក់ងារចំលងរួមមានពិនិត្យវាយតំលៃ ធ្វើបច្ចុប្បន្នភាព និងត្រៀមរៀបចំ ថ្នាំបាណកឃាដ (អាបែត)ថ្នាំសំរាប់បាញ់មូស ម៉ាស៊ីនបាញ់ថ្នាំមូស។ ត្រូវរៀបចំផែនការ និងអនុវត្តការងារដាក់ថ្នាំបាណកឃាដនៅតាមសហគមន៍អោយបានទាន់ពេលវេលា។ ករណីមានការរាតត្បាក្នុងសហគមន៍ណាមួយត្រូវធ្វើអនុវត្តការងារបាញ់ថ្នាំបន្ទាន់ (ប៉ុន្តែមិនត្រូវអូសបន្លាយរយៈពេលយូរ និងញឹកញាប់ពេកទេ ព្រោះអាចបណ្តាលអោយមូសមានភាពស៊ាំទៅនឹងថ្នាំបាញ់មូស)។
៤. ត្រូវលើកកំពស់សេវាអប់រំសុខភាពដោយអនុវត្តការងារអប់រំសុខភាពតាមសហគមន៍ សាលារៀន ទីប្រជុំជន និងវត្តអារ៉ាម ដោយប្រើប្រាស់លទ្ធភាពធនធានដែលមានដូចជា ផ្ទាំងរូបភាព អប់រំសុខភាពចល័ត វិទ្យុ ទូរទស្សន៍​​ និងមធ្យោបាយផ្សេងៗ។ ត្រូវជំរុញ និងបំផុសចលនាចូលរួមពីគ្រប់មន្ទីរនៅក្នុងខេត្ត ពិសេសមន្ទីរឃោសនាការ និងព៌តមាន អោយមានការផ្សព្វផ្សាយការងារអប់រំសុខភាពស្តីពីវិធានការបង្ការជំងឺគ្រុនឈាម ។
៥. ត្រូវធានាបាននូវគុណភាពប្រព័ន្ធអង្កេតតាមដានដោយមានការលើកទឹកចិត្តដល់អ្នកគ្រប់គ្រងព័ត៌មានក្តាប់អោយបាន និងរាយការណ៍ជាប្រចាំនូវរាល់ករណីជំងឺគ្រុនឈាមដោយបញ្ជូនទិន្នន័យជំងឺមកថ្នាក់ខេត្ត និងថ្នាក់ជាតិអោយបានទាន់ពេលវេលា។
មន្ទីរពេទ្យ មណ្ឌលសុខភាព សេវាថែទាំសុខភាព និងគ្រូពេទ្យព្យាបាល
គ្រូពេទ្យព្យាបាលទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវស្វែងយល់អំពីស្ថានភាពជំងឺគ្រុនឈាមឆ្នាំ ២០១៨ និងការកើនឡើងជំងឺគ្រុនឈាមលើមនុស្សពេញវ័យ មនុស្សចាស់។
អាស្រ័យហេតុនេះ សូមផ្នែកទទួលបន្ទុកសេវាថែទាំសុខភាព មន្ទីរពេទ្យ និងគ្រូពេទ្យព្យាបាលទូទាំងប្រទេស សូមអនុវត្តនូវវិធានការដូចខាងក្រោម៖
១. ត្រូវត្រៀមបំរុងសំភារៈ ឱសថ បរិក្ខារ ឧបករណ៍រោគវិនិច្ឆ័យ និងសេរ៉ូម អោយបានគ្រប់គ្រាន់ ព្រមទាំងមធ្យោបាយសង្គ្រោះបន្ទាន់ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល និងបង្ការគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។
២. ត្រូវធ្វើការបង្រៀនរំលឹកដល់គ្រូពេទ្យ និងគិលានុបដ្ឋ គិលានុបដ្ឋយិការ អំពីរបៀបធ្វើរោគវិនិច្ឆ័យ និងការព្យាបាល និងការថែរទាំជំងឺគ្រុនឈាម នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ជាពិសេសត្រូវផ្សព្វផ្សាយអំពីករណីជំងឺគ្រុនឈាមកំពុងកើតមានកើនឡើងលើមនុស្សពេញវ័យ និងមនុស្សចាស់ ដើម្បីធានាអោយបាននូវគុណភាព និងប្រសិទ្ធភាពនៃការព្យាបាលជំងឺគ្រុនឈាមបានទាន់ពេលវេលា។
៣.ត្រូវត្រួតពិនិត្យគុណភាពសេវា និងធានាបាននូវគុណភាពសេវាធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺគ្រុនឈាមត្រឹមត្រូវតាមការណែនាំរបស់មគ្គុទេសក៏ជាតិព្យាបាលជំងឺគ្រុនឈាម អោយបានជាប្រចាំ។
សារសំរាប់ប្រជាជនទូទៅៈ
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមសូមអំពាវនាវដល់ប្រជាជនគ្រប់រូបចូលរួមអនុវត្តវិធានការដូចខាងក្រោម៖
១. អនុវត្តវិធានបង្ការជំងឺគ្រុនឈាមតាមការណែនាំរបស់ភ្នាក់ងារសុខាភិបាល សារអប់រំសុខភាពដែលមានបិទបង្ហាញតាមគ្រឹះស្ថានសុខាភិបាល និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងេដូចជា វិទ្យុ ទូរទស្សន៍ អោយបានល្អប្រសើរ។
២. សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថាមិនមានដង្កូវទឹកនៅក្នុងបរិវេណផ្ទះសំបែងតាមរយៈ៖
• កំទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹកដែលមិនប្រើប្រាស់ដូចជា៖ សំបកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុងមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុដ៏ទែទៀតដែលនៅជុំវិញបរិវេណផ្ទះរបស់អ្នក។ល។
• ត្រូវលាងសំអាតសំភារៈឬវត្ថុប្រើប្រាស់ផ្សេងៗសំរាប់ស្តុកទឹកអោយបាន ២ ដងក្នុង ១ សប្តាហ៍ ឬដាក់ថ្នាំអាបែត ឬដាក់ត្រី ៧ ពណ៌ ឬគ្របអោយបានត្រឹមត្រូវ នូវពាងអាងទឹក ធុងក្រឡ ថូផ្កា ចានទ្រជើងទូ។ល។
៣. ត្រូវកំចាត់សត្វមូសខ្លាតាមរយៈការរៀបចំទុកសំភារៈក្នុងផ្ទះសំបែងអោយមានសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃជំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាលក្នុងករណីមានការបាញ់ថ្នាំសំលាប់មូស។
៤. ត្រូវការពារខ្លួនពីការខាំចំលងរបស់មូសខ្លាញីតាមរយៈ៖ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង និងមិនត្រូវស្ថិតនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់។ល។
៥.​ ត្រូវរួសរាន់ស្វែងរកសេវាថែទាំសុខភាពដែលនៅជិតបំផុតដូចជា​ មណ្ឌលសុខភាព និងមន្ទីរពេទ្យក្នុងករណីក្រុមគ្រួសារណាម្នាក់របស់អ្នកមានសញ្ញា ឬសញ្ញាណជំងឺ ដូចជា ក្តៅខ្លួន​​(ក្តៅខ្លួនខ្លាំងភ្លាមៗ ....?) និងសញ្ញាបន្ទាប់បន្សំផ្សេងទៀត។ គ្រប់ករណីសង្ស័យជំងឺគ្រុនឈាមមិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទអាស្ពីរីនជាដាច់ខាតនិងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណាដែលមិនមានជំនាញវិជ្ជាជីវៈពិនិត្យព្យាបាលជំងឺគ្រុនឈាមដាច់ខាត។
សេចក្តីសន្និដ្ឋាន
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានសងឹ្ឃមយ៉ាងមុតមាំថា កម្មវិធីគ្រុនឈាមទូទាំងប្រទេស គ្រូពេទ្យព្យាបាល និងប្រជាជន សិស្ស និសិ្សត កុមារា កុមារីទាំងអស់ ក៏ដូចជាក្រសួងមន្ទីរពាក់ព័ន្ធនឹងចូលរួមសហការណ៍ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមគ្នាកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទទាន់ហេតុការណ៌ ១១៥ មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ៕