Date: 23/June/2018

មន្ទីរសុខាភិបាលខេត្ត រាជធានី កំពុងបើកយុទ្ធនាការ ដាក់ថ្នាំអាបេត បាញ់ថ្នាំមូស ចុះអប់រំផ្ទាល់ដល់មូលដ្ឋាន ដោយសហការជាមួយ អាជ្ញាធរដែនដី វត្តអារាម ព្រះសង្ឃ សាលារៀន សិស្សានុសិស្ស ដើម្បីទប់ស្កាត់ ការរាតត្បាតនៃជំងឺគ្រុនឈាម ។​ ការមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចបណ្តាលឲ្យមានទឹកដក់ និងបងប្អូនខ្លះត្រងទឹកភ្លៀង ទុកសំរាប់ប្រើប្រាស់ ដូច្នេះជាឱកាសបណ្តាលឲ្យ មូសខ្លាពងដាក់ បង្កជាដង្កូវទឹក និងកើតជាមូសខ្លា ដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម។ តាមរបាយការណ៌ពីមន្រ្តីជំនាញ រកឃើញថា មានការកើនឡើងជំងឺគ្រុនឈាម នៅខេត្តមួយចំនួន ដែលបណ្តាលឲ្យខេត្តទាំងនោះ បានចាត់វិធានបាញ់ថ្នាំសំលាប់មូសខ្លា និងបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែម។ ដូច្នេះដើម្បីបង្ការ កុំឲ្យផ្ទុះជំងឺគ្រុនឈាម ក្នុងតំបន់បងប្អូនរស់នៅ សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ក្នុងផ្ទះ ជុំវិញផ្ទះបងប្អូន ទីសាធារណៈនានា និងក្នុងវត្តអារាម ការពារកូនកុំឲ្យមូសខាំ ដោយពាក់ខោអាវគ្របជិតខ្លួនកូន គេងក្នុងមុងជានិច្ច ទាំងពេលថ្ងៃនិងពេលយប់ ។ សូមបងប្អូននាំកូនទៅពេទ្យជាបន្ទាន់ បើសង្ស័យថាមានជំងឺគ្រុនឈាម ។ រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ និងករណីខ្លះ មានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើន ខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ពត៌មាន ទៅមន្រ្តីសុខាភិបាល ដែលនៅជិតបងប្អូនបំផុត ឫរាយការណ៏តាមលេខទូរស័ព្ទ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញចុះឆ្លើយតបជាបន្ទាន់ ៕

dengueVdo23.06.2018    dengueVdo2.23.06.2018