Date: 06/July/2018

Flu 07.2018នាពេលថ្មីៗនេះ ប្រទេសជិតខាងយើង មានការប្រកាសពីការរីករាលដាល ជំងឺផ្តាសាយធំ H1N1 (ដែលកាលពីឆ្នាំ២០០៩ ហៅថាផ្តាសាយជ្រូក តែមេរោគផ្តាសាយនេះ បានបំលែងខ្លួនទៅជាផ្តាសាយធំ ធម្មតាកាលពីឆ្នាំ ២០១២ ម្លេះ) ដែលបណ្តាលឲ្យឈឺ និងស្លាប់ជាច្រើនករណី ។ ចំពោះប្រទេសយើងវិញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏ទទួលបានរបាយការណ៏ ពីការកើនឡើងនៃជំងឺផ្តាសាយធំ ដែលក្នុងនោះក៏មានឃើញវិជ្ជមាន មេរោគផ្តាសាយ H1N1 ផងដែរ តាមរយៈប្រព័ន្ធតាមដាន ជំងឺផ្តាសាយ តែពុំទាន់រកឃើញ ករណីធ្ងន់ធ្ងរនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនប្រុងប្រយ័ត្ន និងចូលរួមបង្ការ ការឆ្លងជំងឺផ្តាសាយធំនេះ។ តាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើង នៅក្នុងរដូវភ្លៀងជារដូវដែលមាន ឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្ករឡើងដោយ មេរោគផ្តាសាយច្រើនប្រភេទ (Seasonal Influenza: H1N1, H3N2, H2N2, Influenza B & C) ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ។ ក្រុមអ្នកជំងឺដែលមានជំងឺផ្តាយសាយធំ អាចវិវត្តន៏ទៅជំងឺធ្ងន់ធ្ងររួមមាន កុមារអាយុក្រោម៥ឆ្នាំ មនុស្សចាស់លើសពី៦៥ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃ ។ ការបង្ការជំងឺផ្តាសាយធំ រួមមាន៖ ឧស្សាហ៏លាងដៃជាមួយសាប៊ូ និងទឹក លាងជាមួយអាល់កុល ឬថ្នាំហ្សែល នៅឆ្ងាយពីអ្នកជំងឺផ្តាសាយលើសពី១ម៉ែត្រ ឲ្យអ្នកជំងឺផ្តាសាយពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូនិងទឹកដែរ ។ រោគសញ្ញាជំងឺផ្តាសាយធំរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ។ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងធ្វើអោយសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាសាយទៀតផង។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថ សំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ ។

បើបងប្អូនឃើញរោគសញ្ញាគ្រុនក្តៅច្រើន ឬផ្តាសាយច្រើន ក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ។
អ្នកនាំពាក្យក្រសួងសុខាភិបាល