Date: 15/March/2019

Dengue sm 032019   summer health tips032019.sm   Interview 02 01 2018  Summer 032019.sm 

ក្រសួងសុខាភិបាល សូមក្រេីនរំលឹកឡេីងវិញ អំពីការបង្ការ​សុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ៖

ដើម្បីចូលរួមបង្ការសុខភាព ដែលអាចកើតមាននៅក្នុងអំឡុងពេល អាកាសធាតុក្តៅ សូមអំពាវនាវដល់សាធារណជនទាំង អស់ឲ្យចូលរួមអនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ រួមមាន៖

១. ពិសារទឹកឲ្យបានច្រើន៖ បង្កើនការទទួលទានជាតិទឹកឆ្អិន ឲ្យបានច្រើន និងញឹកញាប់ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។ កុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះ បង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ។
២. ការបែកញើសច្រើន ហូរចេញអំបិល និងសារធាតុរ៉ែចេញពីរាងកាយរបស់អ្នក ដែលត្រូវតែបង្គ្រប់វិញ។ ប្រសិនបើអ្នក ហាត់ប្រាណ ចូរពិសារទឹកភេសជ្ជៈឬទឹកមានជាតិរ៉ែ ឲ្យបានពីរទៅបួនកែវរៀងរាល់១ម៉ោងម្តង មិនត្រូវពិសារជាតិអាល់កុលឡើយ ។
៣. ស្លៀកពាក់សំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាលនិងស្លៀកពាក់រលុង និងលាបឡេការពារកម្តៅថ្ងៃ បើអាវធ្វើទៅបាន។ ការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ប៉ះពាល់ដល់រាងកាយ និងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក។ វាក៏បណ្តាលឲ្យស្បែកមានការឈឺចាប់ និងខូចស្បែកផងដែរ។ ប្រសិនបើអ្នក ចេញក្រៅចូរការពារខ្លួនអ្នក ពីព្រះអាទិត្យដោយពាក់មួកធំទូលាយ និង វ៉ែនតាការពារ។ ស្លៀកពាក់ឲ្យទារកនិងកុមារខោអាវស្តើង ពណ៌ស្រាល រលុង គ្របក្បាល និងបាំងថ្ងៃឲ្យម្លប់ ដោយមួកឬឆ័ត្រ ។ ហាមទុកទារករឺកុមារចោល នៅក្នុងឡានដែលចតចោល។
៤. ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅផ្ទះ យកល្អគួរទៅនៅពេលព្រឹក និងពេលល្ងាចបើអាចធ្វើទៅបាន។ សូមព្យាយាមសម្រាកឲ្យបានញឹកញាប់ នៅកន្លែងម្លប់ដូច្នេះ រាងកាយរបស់លោកអ្នក នឹងមានឱកាសមានកំលាំងឡើងវិញ។
៥. ប្រសិនបើលោកអ្នកទើបហាត់ប្រាណដំបូង ឬហាត់ប្រាណនៅក្នុងបរិយាកាសក្តៅ អ្នកត្រូវចាប់ផ្តើមសកម្មភាព ហាត់ប្រាណដោយយឺតៗ បន្ទាប់មកបង្កើនល្បឿនបន្តិចម្តងៗ ដើម្បីជៀសវាងការប្រឹងប្រែង ធ្វើទាំងក្តៅដែលបណ្តាលឲ្យបេះដូង របស់លោកអ្នកលោតញាប់ និងដង្ហក់ហត់ ត្រូវបញ្ឈប់សកម្មភាពទាំងនោះភ្លាម បើមានកើតឡើង រួចចូលទៅក្នុងតំបន់ត្រជាក់ ឬយ៉ាងហោចណាស់ចូលទៅក្នុងម្លប់ ហើយសម្រាក ពីព្រោះវាបណ្តាលឲ្យលោកអ្នក ខ្សោយឬដួលសន្លប់បាន។
៦. ជៀសវាងអាហារក្តៅៗ និងជៀសវាងពិសារអាហារច្រើនពេក ពីព្រោះ វាបង្កើនកម្តៅដល់រាងកាយរបស់ លោកអ្នក។
៧. កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យផ្ទះ ជាពិសេសក្នុងកំឡុងពេលថ្ងៃ និងនៅកន្លែងដែលប្រឈមនឹងកំដៅខ្លាំង ដូចជានៅមាត់ទន្លេឬសមុទ្រជាដើម។
៨. ដោយរួមនិងវិធានការអាកាសធាតុក្តៅខាងលើ សូមបងប្អូនប្រជាពលរដ្ឋ អនុវត្តវិធានការបន្ថែមដូចខាងក្រោម ដើម្បីជៀសផុតពីជំងឺរាក ក្អួត ក្តៅខ្លួន ៖
⁻ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
⁻ សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារ ឲ្យបានត្រឹមត្រូវ
⁻ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
⁻ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
⁻ កុំរក្សាទុកអាហារ ក្នុងកំដៅធម្មតាលើសពី២ម៉ោង
⁻ មិនត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាព សុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
⁻ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់
- ត្រូវប្រកាន់អនាម័យជាប់ជានិច្ច​ ដូចជាៈ​ លាងដៃជាមួយសាប៊ូនិងទឹក​ ក្រោយពេលចេញពីបង្គន់​ មុនពេលរៀបចំអាហារ​ មុនពេលបញ្ចុកកូន​ និងមុនពេលពិសារអាហារ​ ។ អាហារត្រូវគ្របជានិច្ច​ ដេីម្បីជៀសវាងរុយរោម​ ។
- រក្សាទឹកទុកសំរាប់ប្រេីប្រាស់ប្រចាំថ្ងៃ ក្នុងពេលរដូវក្តៅ​ រាំងស្ងួតនិងសូមគ្របផង​ ដេីម្បីជៀសវាងមូសខ្លាពងដាក់​ កុំអោយកេីតជំងឺគ្រុនឈាម​

បើមានបញ្ហាសុខភាព ដែលបណ្តាលអោយមានរាក ក្អួត ក្តៅខ្លួន និងសន្លប់ សូមស្វែងរកការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

នាយកដ្ឋាន សូមលើកទឹកចិត្តឲ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នា ជួបនូវសុខភាពល្អ ។
នាយកដ្ឋាន និងបន្ដធ្វើការជូនដំណឹង ដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាព តាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh និងហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។
សូមអានសេចក្តីប្រកាសពត៌មាន សុខាភិបាល ភ្ជាប់មកជាមួយនេះ​ ។
សំរាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នក ក៏អាចទូរស័ព្ទចូលបានដែរ​ ។