Date: 20/April/2019

Summer season Feb 2019.sm  Press.release hot season Feb2019

ដើម្បីចូលរួមបង្ការសុខភាព ដែលអាចកើតមាន នៅក្នុងអំឡុងពេល អាកាសធាតុក្តៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សូមអំពាវនាវដល់សាធារណជន ទាំងអស់ឲ្យចូលរួម អនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ រួមមាន៖
១. ពិសារទឹកឲ្យបានច្រើន៖ បង្កើនការទទួលទានជាតិទឹកឆ្អិន ឲ្យបានច្រើន និងញឹកញាប់ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។ កុំពិសាវត្ថុរាវ ដែលមានជាតិអាល់កុល ឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះ បង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ។
២. ការបែកញើសច្រើន ហូរចេញអំបិល និងសារធាតុរ៉ែចេញពីរាងកាយរបស់អ្នក ដែលត្រូវតែបង្គ្រប់វិញ។ ប្រសិនបើអ្នក ហាត់ប្រាណចូរពិសារទឹកភេសជ្ជៈ ឬទឹកមានជាតិរ៉ែឲ្យបានពីរ ទៅបួនកែវ រៀងរាល់១ម៉ោងម្តង មិនត្រូវពិសារជាតិអាល់កុលឡើយ ។...

៣. ស្លៀកពាក់សំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាលនិងស្លៀកពាក់រលុង និងលាបឡេការពារកម្តៅថ្ងៃ បើអាវធ្វើទៅបាន។ ការរលាកស្បែក ដោយសារពន្លឺព្រះអាទិត្យ ប៉ះពាល់ដល់រាងកាយ និងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក។ វាក៏បណ្តាលឲ្យស្បែក មានការឈឺចាប់ និងខូចស្បែកផងដែរ។ ប្រសិនបើអ្នក ចេញក្រៅ ចូរការពារខ្លួនអ្នក ពីព្រះអាទិត្យដោយពាក់មួកធំទូលាយ និង វ៉ែនតាការពារ។ ស្លៀកពាក់ឲ្យទារកនិងកុមារខោអាវស្តើង ពណ៌ស្រាល រលុង គ្របក្បាល និងបាំងថ្ងៃឲ្យម្លប់ ដោយមួកឬឆ័ត្រ ។ ហាមទុកទារកកុមារចោល នៅក្នុងឡានដែលចត។
៤. ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅផ្ទះ យកល្អគួរទៅនៅពេលព្រឹក និងពេលល្ងាចបើអាចធ្វើទៅបាន។ សូមព្យាយាមសម្រាកឲ្យបានញឹកញាប់ នៅកន្លែងម្លប់ដូច្នេះ រាងកាយរបស់លោកអ្នក នឹងមានឱកាសមានកំលាំងឡើងវិញ។
៥. ប្រសិនបើលោកអ្នក ទើបហាត់ប្រាណដំបូង ឬហាត់ប្រាណនៅក្នុងបរិយាកាសក្តៅ អ្នកត្រូវចាប់ផ្តើមសកម្មភាពហាត់ប្រាណ ដោយយឺតៗ បន្ទាប់មកបង្កើនល្បឿនបន្តិចម្តងៗ ដើម្បីជៀសវាង ការប្រឹងប្រែងធ្វើទាំងក្តៅ ដែលបណ្តាលឲ្យ បេះដូងរបស់លោកអ្នកលោតញាប់ និងដង្ហក់ហត់ ត្រូវបញ្ឈប់សកម្មភាពទាំងនោះភ្លាម បើមានកើតឡើង រួចចូលទៅក្នុងតំបន់ត្រជាក់ ឬយ៉ាងហោចណាស់ ចូលទៅក្នុងម្លប់ហើយសម្រាក ពីព្រោះវាបណ្តាលឲ្យលោកអ្នក ខ្សោយឬដួលសន្លប់បាន។
៦. ជៀសវាងអាហារក្តៅៗ និងជៀសវាងពិសារអាហារច្រើនពេក ពីព្រោះ វាបង្កើនកម្តៅដល់រាងកាយរបស់ លោកអ្នក។
៧. កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យ ជាពិសេសក្នុងកំឡុងពេលថ្ងៃ និងនៅកន្លែងដែលប្រឈមនិងកំដៅខ្លាំង ដូចជានៅមាត់ទន្លេឬសមុទ្រជាដើម។
៨. ដោយរួមនិងវិធានការអាកាសធាតុក្តៅខាងលើ សូមបងប្អូនប្រជាពលរដ្ឋ អនុវត្តវិធានការបន្ថែមដូចខាងក្រោម ដើម្បីជៀសផុតពីជំងឺរាក ក្អួត ក្តៅខ្លួន ៖
⁻ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
⁻ សំអាតសម្ភារៈប្រើ សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
⁻ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
⁻ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
⁻ កុំរក្សាទុកអាហារ ក្នុងកំដៅធម្មតាលើសពី២ម៉ោង
⁻ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាព សុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារ ក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារ ក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ
⁻ កុំប្រើប្រាស់ចំណីអាហារ ហួសកាលកំណត់
- ត្រូវប្រកាន់អនាម័យជាប់ជានិច្ច​ ដូចជាៈ​ លាងដៃជាមួយសាប៊ូនិងទឹក​ ក្រោយពេលចេញពីបង្គន់​ មុនពេលរៀបចំអាហារ​ មុនពេលបញ្ចុកកូន​ និងមុនពេលពិសារអាហារ​ ។ អាហារត្រូវគ្របជានិច្ច​ ដេីម្បីជៀសវាងរុយរោម​ ។

បើមានបញ្ហាសុខភាព ដែលបណ្តាលអោយមានរាក ក្អួត ក្តៅខ្លួន និងសន្លប់ សូមស្វែងរកការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

នាយកដ្ឋានសូមលើកទឹកចិត្ តឲ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អ ។
នាយកដ្ឋាន និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាព តាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh និងហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។
សំរាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នក ក៏អាចទូរស័ព្ទចូលបានដែរ​ ។