Date: 08/November/2019

ខ្យល់ត្រជាក់ធ្លាក់មកដល់ហេីយ​ សូមបងប្អូនការពារសុខភាពដូចខាងក្រោម​ :
− ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ ប៉ះខ្លួនប្រាណ​ដោយធ្វើយ៉ាងណា ឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។
− ចូរស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណៃនាំនេះបានអស់។
− ចូរចាំថា ធ្វើដំណើរ តែនៅពេលដែលលោកអ្នកមានសុខភាពល្អ​ ហើយប្រសិនបើលោកអ្នកគិតថាលោកអ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យាផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានសភាព ស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថ ប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ។

− ពេលលោកអ្នក ក្អក ឬ កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ។
− លាងសម្អាត ដៃ របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។
− បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឲ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធ ពេកនិងអនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ។
២. ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។ ដូច្នេះ ចំណុចខាងក្រោមនេះ អាចជាជំនួយក្នុងការយល់ដឹងសម្រាប់កិច្ចការពារពួកគេ៖
⎯ ទារកអាយុតិចជាងមួយឆ្នាំ មិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅនិង ដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាព ឲ្យបានកក់ក្តៅសម្រាប់ខ្លួនប្រាណពួកគេ ក៏ដូចជា នៅក្នុងបន្ទប់របស់ទារក។
⎯ មនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិចឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
⎯ កុមារនិងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។
⎯ កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅក្នុងពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់ តាមរយៈ ដៃ ក្បាលនិងជើង។
⎯ ពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នឹងបន្ដធ្វើការជូនដំណឹងដល់សាធារណជន តាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសំភារៈអប់រំសុខភាព ដែលអាចទាញយកមកមើលបាន និងហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
សំរាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកា​ក្នុង​ទូរស័ព្ទ​​របស់អ្នក ​ក៏អាចទូរស័ព្ទចូលបានដែរ​ ។

No photo description available.

25