pink eye sample swap
នាយកដ្ឋានជំងឺឆ្លងទទួលបានសារណែនាំពី​ ឯកឧត្តមសាស្ត្រាចារ្យ​ ងី​ ម៉េង​ ឯកទេសចក្ខុរោគៈ​ ស្តីអំពីការស្វែងយល់អំពីជំងឺភែ្នកក្រហមឆ្លង(Conjunctivitis or Pink Eye)
ជំងឺភែ្នកក្រហមឆ្លង ជាការរលាកភ្នាស “ស”​ នៃភ្នែក ភាគច្រើនបង្កដោយពពួកវីរុស ជាពិសេស Adeno Virus និង ពពួកបាក់តេរី ដូចជា Staphylococcus aureus and staphylococcus ។​ នៅប្រទេស​កម្ពុជា គេសង្កេតឃើញ​ច្រើនកើតមានឡើង នៅក្នុងចំណោមសិស្សសាលា និង​នៅក្នុងសហគមន៍ ដែលមាន​អ្នកកើតជំងឺ ភ្នែកក្រហមឆ្លង​នេះ នៅរដូវភ្លៀង និងពេលខ្យល់ធា្លក់ពីជើង។ ជំងឺនេះមានលក្ខណៈ រាតត្បាតក្នុងសហគមន៍ ដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត យ៉ាងឆាប់រហ័ស តាមរយៈការប៉ះពាល់ផ្ទាល់​ ឬប្រយោល ជាមួយអ្នកមានជំងឺភែ្នកក្រហមឆ្លង។
I. រោគសញ្ញា
ភ្នែកក្រហមឆ្លង មានរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖
▪ ភ្នែកឡើងក្រហម និងឈឺចុកចាប់ខ្លាំង ឬខ្សោយអាស្រ័យទៅតាមសភាពធ្ងន់ ឬស្រាលនៃជំងឺ។
▪ ហើមត្របកភ្នែក
▪ រកាំភ្នែក និងមានអារម្មណ៍ថា ហាក់ដូចជាមានកំទេចសំរាមនៅក្នុងភ្នែក
▪ ស្រវាំងភ្នែក និងចាញ់ពន្លឺ
▪ មានពពឹកភ្នែក (អាចម៌ភ្នែក) និងហៀរទឹកភ្នែកជាប់ជានិច្ច ដែលធ្វើឱ្យរំខានការមើលឃើញ។
▪ ពិបាកបើកភែ្នក នៅពេលភ្ញាក់ពីដំណេកពេលព្រឹក ដោយសាររោមភែ្នកខាងលើ​ និងខាងក្រោមស្អិតជាប់គ្នា។
II. របៀបឆ្លងជំងឺភ្នែកក្រហម
ជំងឺនេះឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈ
▪ ការប៉ះពាល់ផ្ទាល់ ឬចាប់ដៃ គ្នាជាមួយអ្នកជំងឺភ្នែកក្រហមឆ្លង
▪ ការប៉ះពាល់វត្ថុប្រើប្រាស់ដូចជាភួយ ខ្នើយ កនែ្សង ក្រមា ឬវ៉ែនតាជាដើមដែលមានផ្ទុកវីរុស ឬបាក់តេរី ហើយយកមកប៉ះភ្នែក
▪ ការប្រើប្រាស់ថ្នាំបន្តក់ភែ្នករួមគ្នា ក្នុងគ្រួសារ ឬអ្នកដែលមានជំងឺភែ្នកក្រហម។
III. វិធីការពារការឆ្លងជំងឺភ្នែកក្រហម
▪ លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ ២០ វិនាទី ​មុននិង​ក្រោយ​ពេល​សម្អាតភ្នែក ឬ​ដាក់​ថ្នាំ​​ភ្នែក។
▪ ប្រសិនបើមិនមានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។
▪ ចៀសវាងការប្រើប្រាស់របស់របររួមគ្នា ដូចជាភួយ ខ្នើយ កនែ្សង ក្រមា ឬវ៉ែនតាជាដើមដែលមានផ្ទុកវីរុស ឬបាក់តេរី ហើយយកមកប៉ះភ្នែក។
▪ ចៀសវាងការប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ ឬប្រើថ្នាំភ្នែករួមគ្នាក្នុងគ្រួសារ
▪ ផ្អាកពាក់កែវភ្នែក (contact lens) រហូតដល់គ្រូពេទ្យភ្នែករបស់អ្នក និយាយថាមិនអីទេក្នុងការចាប់ផ្តើមពាក់វាម្តងទៀត។
▪ ចៀសវាងការប្រើវិធីបុរាណ ក្នុងការព្យាបាលដោយខ្លួនឯង (លាងទឹកម្លូ ដាក់ទឹកនោម ដាក់ទឹកប្រមាត់ត្រី។ល។)។
▪ ត្រូវសម្រាកពីការងារ ឬសាលារៀនចំនួន៥ថ្ងៃ ឬ១សប្ដាហ៍ដើម្បីចៀសវាង ទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សផ្សេងទៀត និងត្រូវពាក់វ៉ែនតាការពារការចម្លងរោគ។
▪ ចៀសវាងការប៉ះ ឬត្រដុសឬញ៉ីភ្នែក ពីព្រោះធ្វើអោយស្ថានភាព កាន់តែអាក្រក់ទៅៗ ឬរាលដាលទៅភ្នែកម្ខាងទៀត។
▪
IV. ការព្យាបាល
• ជំងឺនេះអាចជាទៅវិញរយៈពេល ៧-១៤ ថ្ងៃ ហើយជួនកាលមានករណីកម្រខ្លះ អាចវិវត្តទៅជាលក្ខណៈធ្ងន់ធ្ងរ អាចប៉ះពាល់ដល់កញ្ចក់ភ្នែក និងគំហើញ។
• ការព្យាបាលអាចជួយកាត់បន្ថយ រោគ​សញ្ញា​នានា​ខាង​លើ ជាពិសេសកាត់បន្ថយការឈឺចាប់ ការរលាក និងការរីករាលដាលនៃជំងឺនេះ​។​
• ប្រើដៃស្អាត លាងសម្អាតទឹករំអិលជុំវិញភ្នែករបស់អ្នក ឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសើម ឬសំឡីស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ ដែលបានប្រើរួចជាមួយទឹកស្អាត និងសាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ និងទឹកស្អាត។
• ករណីចាំបាច់ ត្រូវទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬកន្លែងផ្ដល់សេវាព្យាលបាលភ្នែក ដែលនៅជិតបំផុត។
• ជៀសវាងការប៉ះ ឬត្រដុសឬញ៉ីភ្នែក ពីព្រោះធ្វើអោយស្ថានភាព កាន់តែអាក្រក់ទៅៗ ឬរាលដាលទៅភ្នែកម្ខាងទៀត។
V. ឯកសារយោង៖
-សេចក្ដីណែនាំគ្លីនិកស្ដីសំណុំសកម្មភាពអប្បបរិមា ម៉ូឌុល៧នៅឆ្នាំ២០១៨