ដោយសារមានការប្រែប្រួលអាកាសធាតុ កំដៅនៅលើផ្ទៃប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់ និងនៅក្នុង សាកលលោក មានការកើនឡើងខុសប្លែកពីធម្មតាដែលអាចមានផលប៉ះពាល់ដល់ស្លាប់ ដោយសារ បញ្ហាជម្ងឺបេះដូង និងសួត និងអាចមានជំងឺឆ្លងផ្សេងៗ ដូចជា...

ជំងឺរាករូសឬជំងឺកង្វះចំណីអាហារផងដែរ ដោយសារភាពរាំងស្ងួតមិនអាច ដាំដុះបាន ហើយក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តពិសេសជំងឺតានតឹងក្នុងអារម្មណ៍ (ស្ត្រេស) តប់ប្រម៉ល់ដែលបង្កឡើង​ដោយ​អាកាសធាតុក្តៅខ្លាំងពេក និងមានរលាកស្បែកឡើងក្រហម។ល។ ដូច្នេះ សូមប្រជាពលរដ្ឋទូទៅ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេស សុខភាព​កុមារនិងជនចាស់ជរា។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបនិងណែនាំជូនសាធារណជនទូទៅ នូវចំណុច សំខាន់ៗ មានដូចខាងក្រោមនេះ៖

១. រោគសញ្ញាដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេក

អស់កម្លាំងខ្លាំងដោយសារកំដៅថ្ងៃ (heat exhaustion) ៖ នៅពេលដែលសរីរាង្គមនុស្សបាត់បង់នូវជាតិទឹក និង អំបិលដ៏ច្រើនលើសលុប ដោយសារចេញញើសខ្លាំងពេក ដែលធ្វើឲ្យរំខានដល់ចរន្តឈាមនៅក្នុងខ្លួនមនុស្ស ដែលធ្វើ ឲ្យរំខានដល់ដំណើរការខួរក្បាល។ ចំពោះអ្នកដែលមានបញ្ហាបេះដូង សួត ឬតម្រងនោមស្រាប់ ឬក៏អ្នកតមការបរិភោគ អាហារដែលមានជាតិអំបិល អាចឆាប់រងនូវការអស់កម្លាំងនេះ។

រមួលក្រពើដោយសារកំដៅថ្ងៃខ្លាំង (heat cramps) ៖ ក៏ដូចគ្នានឹងករណីខាងលើនេះដែរ វាអាចកើតឡើងនៅ ពេលដែលយើងបាត់បង់ជាតិទឹកនិងអំបិលនៅក្នុងខ្លួនច្រើន ហើយវាបន្ថែមទាំងមានការបាត់បង់នូវសារជាតិចិញ្ចឹម សំខាន់ៗ ដូចជា ប៉ូតាស្យូម និងម៉ាញ៉េស្យូម ជាដើម។

 ការប៉ះពាល់សរសៃឈាមក្នុងខួរក្បាលដោយសារតែថ្ងៃក្តៅពេក (heat stroke)៖ នេះជាបញ្ហាធ្ងន់ធ្ងរដែលកើត ឡើងនៅ ពេលដែលសរីរាង្គមនុស្សរងការប៉ះកំដៅថ្ងៃដែលក្តៅខ្លាំងយូរពេក ដែលធ្វើឲ្យសរីរាង្គបាត់បង់នូវលទ្ធភាពរបស់ ខ្លួនក្នុង ការធ្វើឲ្យខ្លួនប្រាណយើងចុះត្រជាក់វិញបានដោយខ្លួនឯង។ នៅក្រោមកំដៅថ្ងៃក្តៅខ្លាំងពេកនិងយូរពេលពេក ផ្នែកនៃខួរក្បាលបាត់បង់នូវលទ្ធភាពរបស់ខ្លួនក្នុងការត្រួតពិនិត្យកំដៅក្នុងខ្លួនមនុស្ស ដែលធ្វើឲ្យលទ្ធភាពនៃការបញ្ចេញ ញើសមានការថយចុះ។ នៅពេលសីតុណ្ហភាពក្នុងខ្លួនយើងឡើងលើសពី ៤០,៥៦ ដឺក្រេសេ (ប្រហែលជា ១០៥ ដឺក្រេ ហ្វារាំងហាយ) នឹងអាចមានរោគសញ្ញាសំគាល់នៃការប៉ះពាល់សរសៃឈាមក្នុងខួរក្បាល ដែលរោគសញ្ញាជាដំបូង គឺ ដួលតែម្តង (fainting)។

រោគសញ្ញាផ្សេងៗ រួមមាន ស្បែកឡើងក្រហម-ក្តៅនិងស្ងួតឈឺក្បាលឮងូងៗ វិលមុខធីងធោង បាត់បង់ការ បញ្ចេញញើសទោះជាក្តៅខ្លាំងក៏ដោយ ខ្សោយសាច់ដុំឬរមួលក្រពើ ចង្អោរ-ក្អួត បេះដូងដើរញាប់ ដកដង្ហើមញាប់និង ថប់ៗ មានការផ្លាស់ប្តូរអត្តចរិតដូចជាវង្វេងវង្វាន់ និងដើរទ្រេតទ្រោត ហើយអាចបាត់បង់ស្មារតី សុក ខូចខួរក្បាល ឬបាត់ បង់ជីវីត។

 ២. ការជួយសង្គ្រោះជាបឋម

 អាស្រ័យទៅតាមមធ្យោបាយដែលមាននិងស្ថានភាពនៃអ្នកជំងឺ ដោយអាចប្រើប្រាស់នូវវិធីសាស្ត្រ ដូចតទៅ៖

 -         ដាក់អ្នកជំងឺឲ្យសម្រាក ដោយលើកជើងឡើងលើបន្តិច ដាក់នៅក្រោមម្លប់ដែលត្រជាក់ ឬអគារ ឬបន្ទប់ ត្រជាក់។

 -         ដោះ ឬបន្ធូរ សម្លៀកបំពាក់អ្នកជំងឺចេញ។

 -         ឲ្យអ្នកជំងឺពិសារទឹក ឬទឹកដែលមានសារជាតិអេឡិចត្រូលីត តែសូមកុំផ្តល់ឲ្យនូវភេសជ្ជៈ ដែលមានជាតិ កាហ្វេអ៊ីនឬជាតិស្រា ឬក៏អាចផ្តល់ទឹកដែលយើងអាចធ្វើបាន ដោយលាយអំបិល១ស្លាបព្រាកាហ្វេ ក្នុងទឹក ២៥០ មីលីលីត្រ។

 -         ដណ្តប់អ្នកជម្ងឺដោយក្រណាត់សើមត្រជាក់ និងដាក់កន្សែងត្រជាក់ឬកន្សែងត្រាំទឹកកក នៅត្រង់ ក ក្រោម ក្លៀក និងក្រលៀនទាំងពីរ។

 ៣. ការការពារ

 -         ត្រូវមានអនាម័យល្អ ពិសេសអនាម័យចំណីអាហារនិងទឹក (ពិនិត្យមើលចំណីអាហារ ដែលអាច នឹងជូផ្អូម និងត្រូវទទួលទានទឹកស្អាត ទឹកដាំពុះ )

 -         បើមានបញ្ហាមិនស្រួល ត្រូវរកទីជម្រកត្រជាក់ ឬស្ថិតនៅក្រោមម្លប់ត្រជាក់ ឬទីកន្លែងដែលត្រជាក់។ ត្រូវស្ថិតនៅក្នុងផ្ទះបើមិនមានការងារអ្វីចាំបាច់នៅពេលដែលកំដៅកើនឡើងខ្លាំង។

 -         ពាក់/ស្លៀកសម្លៀកបំពាក់ស្រាលៗនិងពណ៌ស្រាលៗ ឲ្យរលុងៗ និងពាក់មួកការពារកំដៅថ្ងៃដែលមាន ហាមវែងៗ ជាពិសេសពេលធ្វើការងារឬនៅ​ក្រោមកំដៅថ្ងៃ ។

 -         ឧស្សាហ៍ពិសារទឹក ទឹកបន្លែ និងទឹកផ្លែឈើបន្ថែមឲ្យបានញឹកញាប់ ដើម្បីការពារការបាត់បង់ជាតិទឹក ឬពិសារទឹក ដែលសម្បូរដោយសារជាតិអេឡិចត្រូលីត។

 -         វិធីសាស្ត្រក្នុងការការពារការប៉ះពាល់សរសៃឈាមក្នុងខួរក្បាលដោយសារតែអាកាសធាតុក្តៅពេក មានដូច ជា តាមដានពណ៌ទឹកនោម បើទឹកនោមមានពណ៌រាងក្រម៉ៅខុសធម្មតា គឺជាសញ្ញានៃការខ្វះជាតិទឹក ដូច្នេះ ត្រូវពិសារទឹកឲ្យបានច្រើន ដើម្បីឲ្យព័ណ៌ទឹកនោមប្រែមកជាធម្មតាវិញ។

 ឯកឧត្ដមវេជ្ជ. ម៉ម ប៊ុនហេងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល​មានប្រសាសន៍ថា ” ​គ្រប់ៗ​គ្នាត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពនៅពេលដែលអាកាសធាតុឡើងក្តៅខ្លាំង ​ជាពិសេសកុមារនិងជនចាស់ជរា សំខាន់ត្រូវ ប្រយ័ត្នពីបញ្ហាប៉ះពាល់ដល់សរសៃឈាមក្នុងខួរក្បាល ដែលអាចឲ្យពិការឬបាត់បង់ជីវិត។ ដូច្នេះ សូមប្រជាពលរដ្ឋយើង មានការប្រតិបត្តិនូវវិធីការពារ ជាពិសេសត្រូវពិសារទឹកឬទឹកដែលមានសារជាតិអេឡិចត្រូលីតឲ្យបានញឹកញាប់​នៅពេល ដែលលោកអ្នកស្ថិតនៅក្រោមកំដៅថ្ងៃខ្លាំង ហើយត្រូវនៅក្រោមម្លប់ត្រជាក់ឫទីកន្លែងដែលត្រជាក់។ សូមចៀសវាង ស្ថានភាពស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក។បន្ថែមលើនេះ ខ្ញុំសូមឲ្យប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នលើ បញ្ហាជំងឺរាករូស និងជំងឺឆ្លងដែលអាចបណ្តាលមកពីការបរិភោគទឹក ឬអាហារមិនមានអនាម័យល្អ ដោយខ្ញុំសូមលើកទឹកចិត្ត​គ្រប់គ្នាពិសារនិងប្រើប្រាស់ទឹកស្អាត-សុទ្ធ ឬដាំពុះឆ្អិនល្អ ព្រមទាំងអនុវត្តនូវអនាម័យចំណីអាហារនិងអាហារមានសុវត្ថិភាព”​។

 ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិនិត្យព្យាបាលនៅតាមគ្រឹះស្ថានសុខាភិបាល សាធារណៈដែលនៅជិតលោកអ្នកជាទីបំផុត និងស្វែងរកគ្រូពេទ្យដែលមានការបណ្តុះបណ្តាល ត្រឹមត្រូវ ។

 សំរាប់ព័ត៌មានបន្ថែមទៀតសូមទាក់ទងៈ

 ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង

 លោកវេជ្ជ. លី សូវ៉ាន់ ៖ ០១២ ៨២៥ ៤២៤

លោកវេជ្ជ. សុខ ស៊្រុន ៖ ០១២ ៩១២ ១២២

សូមទាញយកសេចក្តីប្រកាសដើម៖ នៅទីនេះ