ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន។ វីរុសនីប៉ាហ៍ រីករាលដាល ដោយផ្ទុកលេីសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី ៤០%–៧០%។
ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ នៅក្នុងតំបន់មួយចំនួន នៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់ នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ ៣០០នាក់ ក្នុងនោះ ១០០នាក់ បានស្លាប់ ។ មនុស្សអាចឆ្លងមេរោគនីប៉ាន៍ តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូក ដែលមានផ្ទុកមេរោគនីប៉ាហ៍ ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វ ដែលផ្ទុកមេរោគ ។ កាត់បន្ថយការឆ្លងមេរោគ តាមរយៈ ការលាងដៃរបស់អ្នកឱ្យបានទៀងទាត់ ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយ របស់អ្នកជំងឺដែលមានមេរោគនីប៉ាហ៍។ អ្នកដែលមានជំងឺនីប៉ាហ៍ ជាធម្មតាឈឺរយៈពេល ៣ ទៅ ១៤ ថ្ងៃ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរ អាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់។ អ្នកដែលមានរោគសញ្ញាទាំងនេះ អាចសន្លប់ក្នុងរយៈពេល ២៤-៤៨ ម៉ោង។ សូមបញ្ជក់ៈ រហូតដល់ពេលនេះ ប្រទេសកម្ពុជា មិនដែលរកឃេីញ ជំងឺនីប៉ាហ៍ កេីតលេីមនុស្សនៅឡេីយទេ តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងយកចិត្តដាក់ធ្វេីការតាមដាន និងត្រៀមលក្ខណៈឆ្លេីយតប នឹងការរាត្បាតជំងឺនេះជាប់ជានិច្ច ។
ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១១៥ ឬ ០១២៤៨៨៩៨១ ដោយមិនគិតថ្លៃ ។

