Date: 20/Apr/2017
អាកាសធាតុក្តៅខ្លាំងមកដល់ហើយ សូមបងប្អូនអានសារអប់រំ ទាក់ទងនឹងការការពារសុខភាព នៅក្នុងរដូវដែលមានអាកាសធាតុក្តៅខ្លាំង ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ។
Date: 10/Apr/2017
នៅទីក្រុង Tan An ខេត្ត Long An ប្រទេសវៀតណាមមានការប្រារពសិក្ខាសាលា ស្តីអំពីជំងឺឆ្លង និងជំងឺគ្រុនចាញ់តាមព្រំដែន សំរាប់ចង្កោមខេត្តភាគខាងត្បូង នៃព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយម វៀតណាម ថ្ងៃទី១០-១១ ខែ មេសា ឆ្នាំ ២០១៧ ។
ភាគីកម្ពុជារួមមានៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីរសុខាភិបាលខេត្ត ស្វាយរៀង ត្បូងឃ្មុំ កណ្តាល តាកែវ និងកំពត ភាគីវៀតណាមរួំមមានៈ នាយកដ្ឋានការពារសុខភាព មន្ទីរសុខាភិបាលខេត្ត ឡុងអាន គៀនយ៉ាង តៃនិញ និងអានយ៉ាងគោលបំណងនៃសិក្ខាសាលានេះរួមមាន៖
១)ចែករំលែកកឧបករណ៍ដែលមានស្រាប់ សំរាប់ការអង្កេតនិងឆ្លើយតមបន្ទាន់
២) ចែករំលែកករបាយការណ៏តាមដានជំងឺនិងបញ្ហាសុខភាព សាធារណៈដែលកើតឡើងនៅតាមព្រំដែន
៣) ចែករំលែកបទពិសោធន៍នៃការត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរួមទាំងបញ្ហាប្រឈម
៤) ចែករំលែកការងារចតាឡីស័ក នៅតាមច្រកព្រំដែន
៥) ពិភាក្សាអំពីផែនការបន្ទាប់រវាងចង្កោមភាគខាងត្បូងខេត្តជាប់ព្រំដែន
Date: 30/Mar/2017
ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីសុខភាពរួមតែមួយ (សុខភាពមនុស្ស សុខភាពសត្វ សុខភាពបរិដ្ឋាន) ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងថ្មីៗ ឩបត្ថម្ភដោយគំរោងប្រយុទ្ធនឹងជម្ងឺឆ្លងទី២ ថវិកាបន្ថែម ក្នុងមហាអនុតំបន់មេគង្គ ៣០-៣១ មិនា នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯ.ឧ អេង ហួត, រដ្ឋលេខាធិការក្រសួងសុខាភិបាល។
Date: 23/Mar/2017
មេរោគ Machupo ជាប្រភេទមេរោគវិរុស ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គេរកឃើញជំងឺនេះកើតមានក្នុងប្រទេស Bolivia ដែលជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយគត់ ពុំមានមេរោគនេះនៅក្នុងតំបន់យើងទេ ។ មេរោគ Machupo គេរកឃើញមានផ្ទុកនៅក្នុងទឹកនោម លាមក ជំពូកសត្វកកេរ ដូចជាកណ្តុរ ទន្សាយ កំប្រុក ។ល។ វាអាចចំលងមកមនុស្សតាមរយៈការប៉ះពាល់ទៅលើ ទឹកនោម លាមក ទឹកសរីរាង្គផ្សេងទៀតរបស់សត្វកកេរដែលមានផ្ទុកមេរោគ Machupo ជួនកាលក៏អាចឆ្លងតាមខ្យល់ និងចំណីអាហារដែលមានផ្ទុកមេរោគបានដែរ ។ មេរោគ Machupo មិនអាចរស់នៅក្នុងកន្លែងស្ងួតបានទេ ដូចជាម្សៅស្ងួត ឫក៏គ្រាប់ថ្នាំជាដើម ។ ដូច្នេះពត៌មានដែលបាន ផ្សព្វផ្សាយកន្លងមកនេះជាពត៌មានមិនពិតទេ ។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវចំពោះឱសថ
Paracetamol ប្រភេទ P 500 មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គមដែលមិនត្រឹមត្រូវចំពោះឱសថ paracetamol ប្រភេទ P 500 ដែលមានរូបភាពនឹងអត្ថបទដូចមានក្នុងរូបភ្ជាប់មកជាមួយនេះ ដែលឱសថនេះមិនមានចុះបញ្ជិកាជាមួយក្រសួងសុខាភិបាលទេ ហើយក្រោយពីស្រាវជ្រាវឃើញថាមិនមានឱសថប្រភេទនេះចរាចរលើទីផ្សារយើងនោះទេ។
Date: 03/Mar/2017 | updated: 14/Mar/2017
នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ នៅប្រទសម៉ាឡេសុី រកឃើញជំងឺផ្តាសាយបក្សីលើសត្វបក្សី និង នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅប្រទេសវៀតណាម មានការផ្ទុះឡើងវិញនៃជំងឺផ្តាសាយបក្សី ដែលបានសំលាប់និងដុតចោលសត្វបក្សីជាច្រើន តែពុំទាន់រកឃើញឆ្លងមកមនុស្សនៅឡើយទេ ។ ដោយឡែកនៅដើមឆ្នាំ២០១៧នេះ ប្រទេសយើង ក៏បានរកឃើញមានការរីករាលដាលឡើងវិញ នៃជំងឹផ្តាសាយបក្សីលើសត្វបក្សីក្នុងខេត្តស្វាយរៀង តែពុំបានរកឃើញករណីជំងឺផ្តាសាយនៅលើមនុស្សនៅឡើយដែរ ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
- ពត៌មានបន្ថែមសូម ទាក់ទងទូរស័ព្ទលេខ ១១៥ ។
- សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល